គិតតាំងពីដើមឆ្នាំ ២០២៣ មកទល់ពេលនេះ គណៈសាសនា គណៈជនជាតិខេត្ត សហការជាមួយការិយាល័យមហាផ្ទៃ ការិយាល័យជនជាតិស្រុក និងផ្នែកពាក់ព័ន្ធស្រុកកូវង៉ាង ចាត់តាំងវគ្គហ្វឹកហាត់អំពីគោលនយោបាយជនជាតិ សាសនាបាន ៣ ថ្នាក់ជូនដល់អ្នកមុខអ្នកការនៃបណ្ដាសាសនាលើភូមិសាស្រ្តស្រុក។
ព្រះចៅអធិការនៃបណ្ដាវត្តនិមន្តចូលរួមថ្នាក់ហ្វឹកហាត់ពីគោលនយោបាយសាសនា។
គិតជាមធ្យមក្នុងមួយឆ្នាំ ស្រុកកូវង៉ាងចាត់តាំងពី ៣-៤ ថ្នាក់ស្ដីពីច្បាប់ជំនឿ សាសនា និងបណ្ដាបញ្ហាពាក់ព័ន្ធដល់ជនជាតិ សាសនាដែលកំពុងបានមតិសង្គមយកចិត្តទុកដាក់។ ក្នុងចំណោមវត្តខ្មែរទាំង ២៣ វត្តលើភូមិសាស្រ្តស្រុក វត្តនីមួយៗនិមន្ត និងអញ្ជើញព្រះចៅអធិការ ព្រះចៅអធិការរង គណៈអារាមាភិបាលពី ៤-៥ អង្គ-រូបចូលរួម។ ពេលចូលរួមវគ្គហ្វឹកហាត់ ព្រះចៅអធិការ គណៈអារាមាភិបាលគ្រប់អង្គ-រូបបានជ្រួតជ្រាបបណ្ដាខ្លឹមសារសំខាន់ៗអំពីសតិអារម្មណ៍ហូជីមិញ បណ្ដាខ្លឹមសារ ស្ដីពីប្រវត្តិសង្ខេបតំបន់ដីណាមបូ បណ្ដាទ្រឹស្ដីមួលបង្កាច់របស់បណ្ដាអានុភាពជាអមិត្ត ការចូលរួមជាមួយ បណ្ដាញសង្គម។ល។
លោក ថាច់ចន្ទសិរី ប្រធានគណៈអារាមាភិបាលវត្តកំពង់ទូក ឃុំហ៊ីបហ្វា បានឱ្យដឹងថា៖ ទោះជាមានការរវល់នឹងការងារវត្តអារាម និងគ្រួសារយ៉ាងណាក៏ដោយ ប៉ុន្តែ ពេលទទួលបានលិខិតអញ្ជើញចូលរួមវគ្គហ្វឹកហាត់ ខ្ញុំតែងរៀបចំពេលវេលាដើម្បីបានចូលរួម។ ពីព្រោះ វគ្គហ្វឹកហាត់បានជួយឱ្យខ្ញុំបើកទូលាយការយល់ដឹងអំពីបញ្ហាថ្មី គោលនយោបាយថ្មីទាក់ទងដល់ជនជាតិ សាសនា ផ្ដើមពីនោះ អនុវត្តការងាររបស់វត្តត្រូវតាមច្បាប់វីជ្ជមាន។
បណ្ដាអ្នកមានប្រជាប្រិយភាពស្រុកកូវង៉ាង ចូលរួមថ្នាក់ហ្វឹកហាត់ពីគោលនយោបាយជនជាតិ សាសនា។
ព្រះតេជគុណ ថាច់រ៉ីយ៍ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង មានថេរដីកាឱ្យដឹងថា៖ គណៈជនជាតិខេត្ត ក៏ដូចជាការិយាល័យជនជាតិស្រុកតែងរិះរករបៀបធ្វើថ្មី ប្រកបដោយការច្នៃប្រតិដ្ឋនាំមកប្រសិទ្ធភាពខ្ពស់ ក្នុងការងារផ្សព្វផ្សាយ។ ព្រះចៅអធិការ គណៈអារាមាភិបាល អ្នកមានប្រជាប្រិយភាពចូលរួមជាមួយស្មារតីសកម្ម ក្ដាប់យកការបរិយាយរបស់អ្នកផ្សព្វផ្សាយដើម្បីអនុវត្តទៅក្នុងភាពជាក់ស្ដែងនៅតាមវត្តអារាម មានការគ្រប់គ្រង និងរឹតបន្តឹងភាពសាមគ្គីផ្ទៃក្នុងវត្តអារាមបានល្អប្រសើរជាង។
លោកង្វៀងថាញ់ញ៉ាង ប្រធានការិយាល័យជនជាតិស្រុកកូវង៉ាង បានឱ្យដឹងថា៖ រាល់ពេលត្រៀមចាត់តាំងវគ្គហ្វឹកហាត់ រួចផ្ញើលិខិតដល់បណ្ដាវត្ត ព្រះចៅអធិការ គណៈអារាមាភិបាលតែងរៀបចំពេលវេលាចូលរួមបានគ្រប់គ្រាន់ មានអង្គ លោកអ្នកខ្លះបញ្ចេញគំនិតត្រឹមត្រូវរបស់ខ្លួនអំពីគោលនយោបាយជនជាតិ សាសនាជាធរមាន គឺសំដៅជួយឱ្យការអនុវត្តន៍ជំនឿ សាសនាមានសណ្ដាប់ធ្នាប់ល្អប្រសើរជាង រីឯការិយាល័យក៏ធានាអំពីចំនួនអ្នកចូលរួមតាមផែនការដែលបានដាក់ចេញ៕
អត្ថបទ-រូបថត៖ សម្បត្តិ