ជំងឺដាច់សរសៃឈាមកើតឡើងយ៉ាងរហ័ស ដោយចៃដន្យ ជាមូលហេតុបណ្តាលឲ្យស្លាប់ឈរលេខ ២ លើពិភពលោក ប៉ុន្តែឈរលេខ ១ អំពីអត្រារងរបួសពិការ។ ចំពោះអ្នករងជំងឺដាច់សរសៃឈាម ពេលវេលាគឺ “ខួរក្បាល” ជាការកំណត់ឲ្យជីវិតរស់នៅឬសមត្ថភាពស្តារឡើងវិញរបស់អ្នកជំងឺ។ ព្រោះហេតុនោះ ញាតិសន្តានអ្នកជំងឺគប្បីក្តាប់ឲ្យបានច្បាស់ សញ្ញាសម្គាល់ជំងឺដាច់សរសៃឈាម។
១. BEFAST: សញ្ញាសម្គាល់ឆាប់ដឹងជំងឺដាច់សរសៃឈាម
រយៈពេលសង្រ្គោះជាបន្ទាន់ជំងឺដាច់សរសៃឈាមមានសារសំខាន់ណាស់ ចូរសម្គាល់សញ្ញា៖
BALANCE ឈរមិននឹង ឈឺក្បាល វិលមុខ។
EYESIGHT ភ្នែកងងឹតមួយចំណែកឬទាំងស្រុង ភ្នែកព្រឹលដោយចៃដន្យ។
FASE មុខវៀច សំណើចវៀចម្ខាង។
ARM ដៃជើងម្ខាងអន់ខ្សោយ កាន់របស់របរមិនជាប់។
SPEECH បាត់លទ្ធភាពនិយាយ ពិបាកនិយាយដោយចៃដន្យ និយាយដើមក។
TIME បញ្ជូនអ្នកជំងឺទៅសង្រ្គោះជាបន្ទាន់នៅមន្ទីរសុខាភិបាលជិតបំផុត។
២. សង្រ្គោះជាបន្ទាន់ពេលជួបអ្នកជំងឺដាច់សរសៃឈាម
គប្បីចាំច្បាស់ថាពេលឃើញបណ្តាសញ្ញាជំងឺដាច់សរសៃឈាមគឺពេលវេលាជាសារសំខាន់បំផុត។ មិត្តគប្បីទូរស័ព្ទឲ្យលេខ ១១៥ សង្រ្គោះជាបន្ទាន់ឬបញ្ជូនអ្នកជំងឺទៅកាន់មូលដ្ឋានសុខាភិបាលជិតបំផុត។
គប្បីចំណាំ ប្រការដែលអ្នកមិនគប្បីធ្វើដូចខាងក្រោម៖
-មិនត្រូវប្រមូលផ្តុំគ្នាច្រើនជុំវិញអ្នកជំងឺ។
-មិនត្រូវម្ចាស់ការច្របាច់ឬលាបប្រេងក្តៅ កោសខ្យល់ ប្របាច់ក្រូចឆ្មារ យកម្ជុលចាក់ចុងម្រាមដៃ។ល។
-មិនត្រូវឲ្យអ្នកជំងឺលេបថ្នាំ ទោះបីជាថ្នាំអ្វីក៏ដោយ។
បង្ការដាច់សរសៃឈាម
ផ្លាស់ប្តូររបៀបរស់នៅ៖
-បង្កើនការចលនា សម្រកទម្ងន់ ។
-មិនបរិភោគខ្លាញ់សត្វ មិនបរិភោគជាតិផ្អែមច្រើន ឬស្ករ ម្សៅ។
-មិនបរិភោគអាហារមានប្រហុក អំបិលច្រើន។ បរិភោគបន្លែ ផ្លែឈើឲ្យបានច្រើន។
ព្យាបាលជំងឺលើសសម្ពាធឈាម៖
-រក្សាសម្ពាធឈាមឲ្យបានលំនឹង យ៉ាងតិចបំផុត ≤ ១២០/៨០ mmHg តាមដានសម្ពាធឈាមតាមកាលកំណត់ (រាល់ថ្ងៃ រាល់សប្តាហ៍។ល។)។
-លេបថ្នាំប្រចាំថ្ងៃរួមជាមួយពិនិត្យជំងឺជាប្រចាំតាមកាលកំណត់។
ព្យាបាលជំងឺទឹកនោមផ្អែម៖
-បរិភោគត្រឹមត្រូវតាមរបប (ហាមបរិភោគស្ករ បន្ថយជាតិម្សៅ បរិភោគបន្លែច្រើន គ្រប់ជាតិប្រូតិអិន បន្ថយជាតិខ្លាញ់)។
-ចែកចេញបរិភោគជាច្រើនពេល។
-លេបឬចាក់ថ្នាំគ្រប់ចំនួនតាមមុខថ្នាំ ពិនិត្យជំងឺ និងធ្វើតេស្ដជាតិស្ករក្នុងឈាមតាមកាលកំណត់។
-ព្យាបាលការកើន cholesterol ក្នុងឈាម ឈប់ជក់បារី ផ្អាកពិសាស្រា ព្យាបាលជំងឺបេះដូងប្រសិនបើមាន។
- ចំណាំ៖ បច្ចុប្បន្ននេះលើទីផ្សារមិនទាន់មានមុខថ្នាំណាបានទទួលស្គាល់ជាថ្នាំទប់ស្កាត់ជំងឺដាច់សរសៃឈាមខួរក្បាលឡើយ។ ថ្វីត្បិតដូច្នោះ មុខថ្នាំមួយចំនួនអាចជួយកាត់បន្ថយនិន្នាការដាច់សរសៃឈាម ដូចជាថ្នាំបន្ថយបរិមាណ cholesterol ថ្នាំបង្ការកុំឲ្យកកឈាម ថ្នាំបន្ថយសម្ពាធឈាម ធន់កោសិកាឈាម។ល។ យោងតាមករណី និងសុខភាពរបស់អ្នកជំងឺ វេជ្ជបណ្ឌិតណែនាំឲ្យប្រើថ្នាំឬទេ ប្រសិនបើមានត្រូវប្រើថ្នាំប្រភេទណាដើម្បីបង្ការជំងឺដាច់សរសៃឈាម។ ល្អបំផុតមិនត្រូវម្ចាស់ការប្រើប្រាស់ថ្នាំដើម្បីជៀសវាងការប្រតិកម្មរបស់ថ្នាំនាំឲ្យ មានគ្រោះថ្នាក់៕
ប្រែសម្រួល៖ តឹងង៉ុក