ព្រះស្រែស្នេហ៍ខ្ញុំ
ដោយ៖ ឡឹម ថឹង
កំណើតភូមិខ្ញុំប្រជុំដីកេរ មានស្រះមានស្រែក្បែរភូមិគូប្រុស
ទ័ពថ្មស្រុះស្របរិស័ទចំរុះ ដូនតាដាក់ឈ្មោះព្រោះប្រវត្តិដើម ។
អ្នកតាឈ្មោះស្រូវផ្លូវកាន់ភ្លឺគូ ត្នោតថ្មីមិនយូរស្រស់ខៀវសំណើម
ទេសចរជិតឆ្ងាយអ្នកភ្ញៀវចុងដើម ក្រេបយកដង្ហើមភូមិជីវស្ថានថ្មី ។
ព្រះស្រែភូមិកើតឆើតស្រស់ម៉្លេះទេ ភូមិលិចមាសមេរេល្អប្រពៃ
ដើមពោធិ៍តាម៉េវចាស់ក្លាសាក្សី ទទឹងថ្នល់ថ្មីលៃកៅស៊ូស្អាត ។
ទស្វាយកកិលសិរីល្អផុត អ្នកតាសណ្ធិតផ្តិតផ្តាំប្រយ័ត្ន
ប្រយែងប្រុងប្រៀបកុំឲ្យខូចខាត ជីវិតមនុស្សសត្វបាត់ក្តីសៅហ្មង ។
ឱភូមិព្រះស្រែខ្ញុំស្នេហ៍អ្នកហើយ សូមបានកៀកកើយអស់ជីវិតផង
បើបានជាឃ្លាតចិត្តកួចចាប់ចង ឆ្លើយប្រាប់ថាផ្សងជាតិក្រោយស្នេហ៍ទៀត៕