ត្រូវក្បត់អ្នកណា?
ដោយ៖ គឹមស៊ើង
រាត្រីស្ងប់ស្ងាត់សត្វយំឯនាយ ស្តាប់សូរព្រះពាយអង្រួនរុក្ខជាតិ
បេះដូងឈឺផ្សាឱរាចង្អៀត ស្នេហ៍ត្រូវចាកឃ្លាតសែនឆ្ងាយកន្លង ។
ពីមុនស្នេហ៍យើងគឺគ្មានឧបសគ្គ ម៉ែក៏ស្មោះស្ម័គ្របំពេញបំណង
គាត់មិនទើសទាល់ចំពោះរូបបង លើកទឹកចិត្តផងឲ្យខំរកប្រាក់ ។
បើបានបាំ្រលានម៉ែគ្មានមុសា ព្រមឲ្យរៀបការដោយមិនអន់អាក់
បងខំធ្វើការញើសហូរសស្រាក់ មានជំនឿជាក់លើមង្គលការ ។
បានប្រាក់គ្រប់ភ្លាមរៀមត្រេកអរណាស់ ស្រាប់តែម៉ែផ្លាស់ក្រឡះវាចា
លើកឲ្យអ្នកផ្សេងខុសពាក្យសន្យា ឲ្យយើងសោកាខ្លោចផ្សាពេកក្រៃ ។
ក្នុងនាមស្រ្តីខ្មែរក្បត់ម៉ែគឺខុស រត់ទៅតាមប្រុសគឺអស់តម្លែ
តែបើក្បត់បងសៅហ្មងរាល់ថ្ងៃ ឈឺចាប់ហរទ័យហាស្តីមិនចេញ ។
ចង់ស្លាប់ឲ្យផុតពីភពផែនដី តែទប់ស្មារតីគិតកិត្តិយសវិញ
មិនចង់ឲ្យម្តាយអោបទុក្ខទោម្នេញ កាត់ចិត្តបំពេញតាមបំណងលោក ។
ទ្រាំរស់សាងឈ្មោះជាកូនកតញ្ញូ ខាំមាត់តស៊ូជំនះវិប្បយោគ
អំណាចទឹកប្រាក់វណ្ណៈលើ តែងមានជ័យជោគលើក្តីស្នេហ៍ស្មោះ៕