អនិច្ចាភ្លេងខ្មែរ
ដោយ៖ គឹមស៊ើង
ខ្លុយស្គរទ្រដៀវចាប៉ីខ្សែ មរតកកេរខ្មែរលេងប្រគំ
មានបទសូរសៀងច្រៀងរណ្ដំ កេះកូតវាយដំផ្លុំបន្ទរ។
បានឮសំនៀងច្រៀងរងំ អ្នកស្រុកខេត្ដឃុំភូមិសាទរ
ប្រឹងស្ដាប់សូរសព្ទអង្គុយឈរ ទស្សនិកទាំងខេត្តនែបមេត្រី។
ផ្ចង់ស្ដាប់សំនៀងច្រៀងរៀបរាប់ ខ្មែរគ្រប់ស្រទាប់ក្មេងប្រុសស្រី
ខ្លះសើចសប្បាយខ្លះរីងរៃ តាមតែអត្ថន័យនៃចម្រៀង។
អ្នកលេងអ្នកច្រៀងសុទ្ធឈ្លាសវៃ ពូកែលកលៃឥតមានល្អៀង
ផ្ដេកផ្ដិតផ្ដោះផ្ដងចងរៀបរៀង ប្រគំលេងច្រៀងតាមទំនុក។
ពិធីតូចធំក្រៅក្នុងស្រុក ប្រជាសម្រុកទាក់នាវទុក
ល្បីសាយរន្ទឺលឺអស់ទុក្ខ ខ្មែរក្រៅក្នុងស្រុកតែងរាប់អាន។
ឱ!សែនអនិច្ចាខ្លោចផ្សាក្រៃ ភ្លេងខ្មែរសព្វថ្ងៃខុសបុរាណ
គេលេងប្រគំខុសលំអាន អស់ញាតិសន្ដានជួយរិះគិត។
ក្ដុកក្ដួលឆួលឆេះរលេះទ្រូង ផ្សាថ្លើមដូចរូងផ្ដាច់ជីវិត
ភ្លេងខ្មែរថ្ងួចថ្ងូរសែនអាណិត សង្វេកដួងចិត្ដរឹតឱរា។
ឮសូរស្គរដំផ្លុំប៉ីទ្រ ប្រជាសាទរផ្ទៀងសោតា
ស្រាប់តែឃើញជាក់ច្បាស់នេត្រា ភ្លាត់មាត់អនិច្ចានោះជាអ្វី?។
ទំនួញប៉ីទ្រសូរម្ចាស់ស្រែក ស្គរដំស្ទើរបែករហែកដី
ស្រែកច្រៀងលន់តួសូមប្រណី ដាក់ទានមកមីឆីគ្រាន់ល្ហែ។
គួរឱ្យស្រណោះអស់ពីពោះ ស្ដាយសព្ទកិត្ដិយសមរតកខ្មែរ
ម្ដេចឡើយធ្លាក់ខ្លួនអាប់អស់កេរ ខ្មែរអើយ!រិះរេស្ទួយឡើងវិញ៕