កុំទុំមុនស្រគាល
ដោយ៖ ឡឹម ថឹង
ពាក្យនេះពាក្យពិតពីបុរាណ ទុកជាលំអានចាំជីវិត
រស់នៅរៀនសូធ្យគួរខំគិត លក្ខណៈត្រូវឋិតប្រាំប្រការ ។
ផ្លែឈើនោះន័យតាមធម្មជាតិ ប្រែប្រួលមិនឃ្លាតតាមពាក្យថា
ដំបូងចេញក្តឹបរួចកាលណា លុះយូរមាសាប្រែជាចាស់ ។
ស្រគាលទុំលឿនតាមវេលា ផ្លែនោះធានាប្រាកដណាស់
រសជាតិផ្អែមឆ្ងាញ់ពិសាច្បាស់ មិនប្រែក្រឡាស់ធាតុផ្សេងឡើយ ។
យ៉ាងណានោះមិញជាតិជាមនុស្ស ធ្វើកុំឲ្យខុសព្រោះកន្តើយ
លក្ខណៈផ្លែឈើលំដាប់ហើយ មិនត្រូវព្រងើយគួរធ្វើតាម ។
រៀនសូធ្យអ្វីៗរៀនពីទាប ឡើងខ្ពស់ថ្នាក់ប្រៀបជាប្រចាំ
មិនបង់បោះចោលភាពហាមប្រាម តាមពាក្យបណ្តាំលោតហួសថ្នាក់ ។
គង់ដូចកិច្ចការមុនធ្វើអ្វី ស្ទង់ស្ទាបសំភីកុំអួលអាក់
ក្តាប់ដឹងការងារបានជាក់លាក់ ទើបគ្មានគ្រោះថ្នាក់ដល់អង្គប្រាណ ។
សេចក្តីប៉ុណ្ណឹងសូមរំលឹក ធ្វើអ្វីគួរនឹកមុនក្រោយបាន
ពីតូចដល់ធំមាសកល្យាណ កុំយកធំច្រានតូចចោលវិញ ៕