ដោយ៖ ឡឹម ថឹង
កសិករពីមុន កិច្ចការស្រាលធ្ងន់ រែកពុនមិនរា
ស៊ូទ្រាំលំបាក រាល់ការនានា គ្រប់កាលវេលា
ធានាជោគជ័យ ។
វស្សាភ្លៀងធ្លាក់ កាយញ័រញញាក់ ចិត្តកើតទុក្ខភ័យ
ត្រដរនៅត្រង់ កណ្តាលវាលដី ហាមាត់ឡើងស្តី
ធ្វើម្តេចអ្នកស្រែ ។
ផ្គរលាន់គគ្រឹក ស្ទុះក្រោកពីព្រឹក ទម្លាប់មិនប្រែ
ទឹមគោក្របី បាយម្ហូបវេចដែរ យកតាមបន្ថែ
ពិសាពេលថ្ងៃ ។
សំណាបសាបថ្មី លូតលាស់ខៀវខ្ចី គុម្ពបែកត្រសាយ
ស្ទូងដកគ្រប់ខែ ស្រូវប្រែជាបាយ ដោយកម្លាំងកាយ
ច្រូតកាត់យកផល ។
កសិករនឿយហត់ ជឿជាក់ប្រាកដ ឥតមានខ្វាយខ្វល់
គ្រឿងយន្តមិនមាន លោកអ្នកកុំឆ្ងល់ ទង្វើកិច្ចកល
ធ្វើដោយដៃជើង ៕