ត្រៀមបម្រុងដណ្ដើមរង្វាន់ប្រណាំងទូក-ង ថ្នាក់តំបន់ក្នុងសកម្មភាពអំណរបុណ្យអកអំបុកនៅថ្ងៃទី ២៩ និង ៣០ ខែតុលាឆ្នាំ ២០២០ ក្នុងបណ្តាថ្ងៃនេះ ក្រុមទូក-ង ស្រុកថ្កូវខិតខំហ្វឹកហាត់យ៉ាងពុះពោរ ទាក់ទាញកីឡាករច្រើនរូបចូលរួម។
ពេលហ្វឹកហាត់របស់កីឡាករក្រុមទូក-ងស្រុកថ្កូវ។
មិនគិតពីមេឃក្តៅឬភ្លៀងរលឹម ក្រុមកីឡាកររបស់ទូក-ងស្រុកថ្កូវនៅតែសកម្មចូលរួមហ្វឹកហាត់។ លោកលី ថាញ់ង៉ី បុគ្គលិកមជ្ឈមណ្ឌលវប្បធម៌ ឃោសនាការនិងកីឡាស្រុកថ្កូវ ជាអ្នកទទួលបន្ទុកការងារបង្វឹកបានឱ្យដឹង៖ លើកហ្វឹកហាត់សម្រាប់បណ្តាកីឡាករចាប់ផ្តើមពីថ្ងៃទី ១០-២៨ ខែតុលា ឆ្នាំ ២០២០។ ក្នុងបណ្តាថ្ងៃនេះ ចាប់ពីថ្ងៃទី ១០-២១ ខែតុលា ហ្វឹកហាត់កាយវិការចែវទូកជូនបណ្តាកីឡាករថ្ងៃទី ២២ ចាប់ផ្តើមដាក់ទូកចុះ រួចបណ្តាកីឡាករចាប់ផ្តើមអុំយកល្បឿនលើទូករបស់ខ្លួន។ មកចូលរួមហ្វឹកហាត់លើកនេះ កីឡាករម្នាក់ៗបានឧបត្ថម្ភប្រាក់បំប៉នចំនួន ១៥០.០០០ ដុងក្នុងមួយថ្ងៃចំពោះកីឡាករនៅឆ្ងាយ, ១៣០.០០០ ដុងក្នុងមួយថ្ងៃចំពោះកីឡាករនៅជិត។ មកទល់ពេលនេះ ពេលវេលាហ្វឹកហាត់បានត្រឹមតែ ៣-៤ ថ្ងៃប៉ុណ្ណោះ ប៉ុន្តែពិនិត្យឃើញ ថាបណ្តាកីឡាករសែនស្វាហាប់ មកចូលរួមគ្រប់គ្រាន់តាមពេលកំណត់។ ឆ្នាំនេះប្រមូលផ្តុំកីឡាករបានជាង ៧០ រូបចូលរួម ក្នុងនោះមានកីឡាករជាង ២០ រូបចុះឈ្មោះចូលរួមថ្មី បទពិសោធន៍ក្នុងការអុំមិនទាន់ខ្ពស់ ម៉្លោះហើយគប្បីហ្វឹកហាត់ឲ្យហ្មត់ចត់ជាង។
បងសឺនហ្វី កីឡាករនៅភូមិក្បាលទូក ឃុំឡុងហ៊ីប ស្រុកថ្កូវសំណេះសំណាលថា៖ ជារៀងរាល់ឆ្នាំ ក្នុងពេលបងៗអ្នកបង្វឹកប្រមូលផ្តុំមកហ្វឹកហាត់ជាពេលដែលគ្រួសារកំពុងមានកិច្ចការមមាញឹកជាច្រើន ខណៈនោះស្រូវក៏ព្រោះមិនទាន់រួចស្រេច។ ឆ្នាំនេះ ស្រូវបានឆ្លូកស្រេច ការងារដទៃៗទៀតរបស់គ្រួសារក៏បានរៀបចំយ៉ាងសមស្រប ម៉្លោះហើយការហ្វឹកហាត់ក៏បានទៀងទាត់ជាង។
ក្នុងបណ្តាលើប្រណាំងអុំទូកនៅបណ្តាឆ្នាំ ២០១៣-២០១៤ ក្រុមទូក-ងស្រុកថ្កូវធ្លាប់ដណ្តើមបានស្នាដៃខ្ពស់នៅបណ្តាចម្ងាយផ្លូវប្រណាំងជាមួយបណ្តាក្រុមទូកងនៅក្នុងខេត្ត ក្រោយពេលបានឧបត្ថម្ភទូក-ងថ្មី ក្រុមទូក-ងរបស់ស្រុកថ្កូវមានស្នាដៃប្រណាំងកាន់តែថយចុះជាលំដាប់ គាប់ជួនមានឆ្នាំខ្លះគ្មានទទួលបានរង្វាន់ណាមួយក្នុងបណ្តាចម្ងាយផ្លូវប្រណាំង។ អាស្រ័យហេតុនោះ ឆ្នាំនេះមានការកែប្រែជាងឆ្នាំមុនៗ។ បងគឹមភឿក ប្រធានក្រុមទូក-ងស្រុកថ្កូវបានឱ្យដឹង៖ ក្នុងលើកប្រណាំងឆ្នាំនេះ បានការឯកភាពពីមជ្ឈមណ្ឌលវប្បធម៌ឃោសនាការនិងកីឡាស្រុក ក្រុមនឹងជ្រើសយកទូក-ងចាស់ចូលរួមប្រកួតប្រជែងរង្វាន់។ បច្ចុប្បន្ន ទូកចាស់បានពិនិត្យហ្មត់ចត់ បណ្តាកន្លែងដែលខូចខាតឬក៏កន្លែងត្រូវជ្រាបទឹកនោះយកជ័រម្រ័ក្សណ៍ចុក រួចដល់ពេលដាក់ទូកចុះទឹករហូតដល់ការដឹកជញ្ជូនទៅកន្លែងប្រណាំងនឹងពិនិត្យលម្អិតជាងទៀត ឃើញខ្សោយកន្លែងណាជួសជុលបន្ទាន់។ សង្ឃឹមថាជាមួយការផ្លាស់ប្តូរទូក-ង និងការលៃលកក្រុមប្រណាំងមានលទ្ធភាព មានការប្តេជ្ញាខ្ពស់ជឿជាក់ថាក្រុមនឹងបង្កើតស្នាដៃឡើងវិញដែលកាលពីមុនក្រុមធ្លាប់សម្រេចបាន។
ឆ្នាំនេះក្នុងរង្វាង់សកម្មភាពអំណរបុណ្យអកអំបុករបស់ខេត្តត្រាវិញ កីឡាប្រណាំងទូក-ងប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី២៩និង៣០ខែតុលាឆ្នាំ២០២០ដោយមានការចូលរួមរបស់បណ្តាក្រុមទូក-ងបណ្តាខេត្ត ក្រុងក្នុងតំបន់វាលរាបទន្លេគឺវឡុង។ អាស្រ័យហេតុនោះ ក្រៅពីការធានាអំពីចំនួនកីឡាករសម្រាប់ការប្រណាំង ស្រុកថ្កូវនៅទាំងយកចិត្តទុកដាក់យ៉ាងពិសេសដល់កម្លាំងកាយ ការចាក់ច្រវារបស់បណ្តាកីឡាករបានស្មើគ្នា។ នោះជាសម្បទាចាំបាច់មួយដើម្បីសម្រេចបានស្នាដៃខ្ពស់ដែលក្រុមមានបំណង៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ