រដូវវិស្សមកាលឆ្នាំសិក្សា ២០២១-២០២២ ក្នុងខេត្តត្រាវិញ មានវត្តព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរ ១៣០/១៤៣ បានបើកថ្នាក់បង្រៀនបំពេញវិជ្ជាអក្សរសាស្រ្តខ្មែរ ដោយមានគ្រូបង្រៀន ៦៩២ នាក់ បង្រៀនសិស្សខ្មែរជាង ១៦.១២០ នាក់ក្នុងខេត្ត។ ក្នុងនោះមានគ្រូបង្រៀន ៦៩២ នាក់ ទទួលបានប្រាក់ឧបត្ថម្ភជាង ៣,៤ ពាន់លានដុង តាមសេចក្តីសម្រេចចិត្តលេខ ១៣/២០២០/NQ-HĐND ចុះថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២០ របស់ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ នីតិកាលទី ៩ ស្តីពីការកំណត់អំពីគោលនយោបាយឧបត្ថម្ភគ្រូបង្រៀនបំពេញវិជ្ជាអក្សរសាស្រ្តខ្មែរនៅតាមវត្តព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរខេត្តត្រាវិញ។
អ្នកគ្រូទ្រឿងធីម៉ីស្វៀង ចាងហ្វាងសាលាបឋមសិក្សាដាឡុក អា ប្រគេនប្រាក់ឧបត្ថម្ភដល់គ្រូបង្រៀនអក្សរសាស្រ្តខ្មែរនៅឃុំដាឡុក។
រដូវវិស្សមកាលឆ្នាំសិក្សា ២០២១-២០២២ មន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត បានចង្អុលការការិយាល័យអប់រំ-បណ្តុះបណ្តាលស្រុក ទីក្រុងសហការជាមួយវត្តខ្មែរចំនួន ១៣០ វត្តដែលមានបើកថ្នាក់បង្រៀនអក្សរសាស្រ្តខ្មែរ ចាប់ពីថ្ងៃទី ១៥ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែសីហា ២០២២ ដើម្បីជំនួយវត្តធ្វើសំណុំឯកសារ បញ្ជីកត់ហេតុ បញ្ជីស្រង់ពិន្ទុ សិក្ខាគារិក និងបញ្ជីកំណត់ត្រាមេរៀនតាមថ្នាក់រៀននីមួយៗតាមការកំណត់របស់លិខិតណែនាំលេខ ០២/HD-SGDĐT ចុះថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ របស់មន្ទីរអប់រំ-បណ្តុះបណ្តាល ស្តីពីការចាត់តាំងបង្រៀនបំពេញវិជ្ជាអក្សរសាស្រ្តនៅតាមវត្តខ្មែរក្នុងខេត្ត ឆ្នាំសិក្សា ២០២១ -២០២២។ គ្រូបង្រៀនដែលបង្រៀនបំពេញវិជ្ជាអក្សរសាស្រ្តខ្មែរតាមវត្តខ្មែរ ជាគ្រូបង្រៀនដែលមានលិខិតបញ្ជាក់ចូលរួមវគ្គហ្វឹកហាត់ បំពាក់បំប៉នចំណេះដឹងមុខជំនាញអំពីវិធីសាស្រ្តបង្រៀនអាស្រ័យមន្ទីរអប់រំ-បណ្តុះបណ្តាលជូន។
នៅស្រុកចូវថាញ់ មាន វត្តខ្មែរ ១១/១៧ វត្ត បើកថ្នាក់រៀនបំពេញវិជ្ជាអក្សរសាស្រ្តខ្មែរបានចំនួន ៥៤ ថ្នាក់ ដោយមានគ្រូបង្រៀន ៤៦ នាក់ ដោយមានសិស្សខ្មែរជាង ១.០០០ នាក់ចូលរៀន។ សរុបម៉ោងបង្រៀន ៧.១២៨ ម៉ោងសរុបប្រាក់ឧបត្ថម្ភជិត ២៥០ លានដុង។
លោកគ្រូថាច់ង៉ុកស៊ើង អនុប្រធានការិយាល័យអប់រំ-បណ្តុះបណ្តាលស្រុកចូវថាញ់មានប្រសាសន៍ថា៖ អនុវត្តតាមលិខិតណែនាំលេខ ០២/HD-SGDĐT ចុះថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ របស់មន្ទីរអប់រំ និងបណ្តុះបណ្តាល ស្តីពីបង្រៀនបំពេញវិជ្ជាអក្សរសាស្រ្តខ្មែរនៅតាមវត្តឆ្នាំសិក្សា ២០២១-២០២២ ការិយាល័យអប់រំ-បណ្តុះបណ្តាលស្រុកចូវថាញ់ចង្អុលការបណ្តាសាលាបឋមសិក្សាចាត់គ្រូបង្រៀនអក្សរសាស្រ្តខ្មែររបស់សាលាជំនួយការដល់គ្រូបង្រៀនអក្សរសាស្រ្តខ្មែរតាមវត្តក្នុងការឡើងគម្រោងមេរៀន តាមបែបបទមុខជំនាញដែលបានកំណត់ ។ បច្ចុប្បន្ននេះ ការិយាល័យចង្អុលការបណ្តាសាលាដែលមានភារៈគ្រប់គ្រងថ្នាក់បំពេញវិជ្ជាអក្សរសាស្រ្តខ្មែរនៅតាមវត្តប្រគេន និងជូនថវិកាឧបត្ថម្ភដល់គ្រូបង្រៀន។
គ្រូបង្រៀនអក្សរសាស្រ្តខ្មែរនិមន្ត និងអញ្ជើញមកទទួលប្រាក់ឧបត្ថម្ភនៅសាលាបឋមសិក្សាដាឡុង អា ឃុំដាឡុក។
កាលពីព្រឹកថ្ងៃទី ១៩ ខែសីហា យើងខ្ញុំមានឱកាសបានជួបសំណេះសំណាល ជាមួយគ្រូបង្រៀនជាព្រះសង្ឃ និងគ្រហស្ថដែលបាននិមន្ត និងអញ្ជើញមកទទួលប្រាក់ឧបត្ថម្ភនៅសាលាបឋមសិក្សាដាឡុក (អា) ឃុំដាឡុក ស្រុកចូវថាញ់។ នៅទីនេះមាន ព្រះតេជគុណមួយព្រះអង្គដែលចូលរួមយ៉ាងសកម្មក្នុងការបង្រៀនអក្សរសាស្រ្តខ្មែរដល់សិស្សានុសិស្សក្នុងរដូវវិស្សមកាល ប៉ុន្តែព្រះអង្គមិនទទួលប្រាក់ឧបត្ថម្ភ ទុកប្រាក់នោះសម្រាប់ឧបតក្ថម្ភដល់លោកគ្រូបង្រៀនដទៃវិញ។ នោះគឺព្រះតេជគុណ គាងថាយ គង់នៅវត្តចម្បីសោភ័ណ (ត្រោកកើត) ឃុំដាឡុក។ ព្រះតេជគុណ គាងថាយមានថេរដីកាថា៖ អាត្មាបានចូលរួមបង្រៀនជូនប្អូនៗក្នុងរដូវវិស្សមកាលឆ្នាំសិក្សា ២០២១-២០២២ ដែរ ប៉ុន្តែអាត្មាមិនចុះឈ្មោះទទួលប្រាក់ឧបត្ថម្ភឡើយ។ ព្រោះចង់ឲ្យរដ្ឋទុកប្រាក់នោះសម្រាប់ជូនដល់គ្រូបង្រៀនដទៃ។ តាមអាត្មាយល់ឃើញថា ការឧបត្ថម្ភប្រាក់ស្របនឹងពេលអំណរបុណ្យសែនដូនតា ពិតជាប្រយោជន៍សម្រាប់គ្រូបង្រៀនបំពេញវិជ្ជារដូវវិស្សមកាល ។ ទឹកប្រាក់ទាំងនោះ មិនត្រឹមតែមានតម្លៃជាសម្ភារប៉ុណ្ណោះទេ នៅទាំងមានតម្លៃផ្នែកស្មារតីទៀតផង គឺជំនួយកម្លាំងចិត្តឲ្យគ្រូបង្រៀនបន្តការបង្រៀនបំពេញវិជ្ជាអក្សរសាស្រ្តខ្មែរឲ្យបានល្អនៅរដូវវិស្សមកាលខាងមុខទៀត។
ក្នុងនាមជាគ្រូបង្រៀនម្នាក់ដែលជម្នះការលំបាក ផ្សារភ្ជាប់ជាមួយថ្នាក់រៀនរដូវវិស្សមកាលនៅវត្តត្រោកកើត ឃុំដាឡុក ស្រុកចូវថាញ់ លោកគ្រូស៊ើងហ្វាងបានឲ្យដឹងថា៖ ផ្ទះខ្ញុំនៅចម្ងាយពីវត្តជាង ០២ គីឡូម៉ែត្រ ទោះបីជាខ្ញុំរវល់នឹងការងារស្រែចម្ការក៏ដោយ ខ្ញុំក៏ឆ្លៀតពេលមកបង្រៀនក្មួយៗនៅវត្តត្រោកកើតដែរ។ ខ្ញុំត្រេកអរណាស់ដែលបានបង្រៀន ជំរុញទឹកចិត្តក្មួយៗឱ្យចូលចិត្តរៀនអក្សរសាស្រ្តជាតិខ្លួន។ ខ្ញុំត្រេកអរជាងទៀតពេលដែលបានបក្ស និងរដ្ឋយកចិត្តទុកដាក់ឧបត្ថម្ភសៀវភៅ និងសម្ភារសម្រាប់បង្រៀន និងឧបត្ថម្ភថវិកាដល់គ្រូបង្រៀនទៀតផង។ នេះជាវត្ថុដ៏មានតម្លៃផ្តល់កម្លាំងចិត្តឲ្យខ្ញុំបន្តការខិតខំបង្រៀនអក្សរសាស្រ្តខ្មែរឲ្យបានល្អក្នុងរដូវវិស្សមកាលខាងមុខទៀត។
យោងតាមសេចក្តីសម្រេចចិត្តលេខ ១៣/២០២០/NQ-HDND បានកំណត់អំពីម៉ោងបង្រៀនក្នុងមួយថ្នាក់ចំនួន ១៣២ ម៉ោង។ កំណត់ប្រាក់ឧបត្ថម្ភគ្រូបង្រៀនក្នុងម្នាក់ ក្នុងមួយម៉ោង ៣៥ ពាន់ដុង។ ឧបត្ថម្ភម្តងគត់បន្ទាប់ពីបញ្ចប់វគ្គសិក្សា។
វាយតម្លៃអំពីលទ្ធផលនៃការបង្រៀន និងរៀនបំពេញវិជ្ជាអក្សរសាស្រ្តខ្មែរនៅតាមវត្ត លោកគ្រូថាច់ថ្លាយ នាយករងមន្ទីរអប់រំ-បណ្តុះបណ្តាលខេត្តមានប្រសាសន៍ថា៖ វត្តព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរនៅខេត្តត្រាវិញបានចាត់តាំង បើកថ្នាក់បង្រៀនបំពេញវិជ្ជាអក្សរសាស្រ្តខ្មែរត្រឹមត្រូវតាមការណែនាំរបស់មន្ទីរអប់រំ-បណ្តុះបណ្តាល។ បណ្តាសាលាបឋមសិក្សាបានជំនួយការដល់វត្តនានាក្នុងការចាត់តាំងបង្រៀន និងចេញវិញ្ញាសាប្រឡងបញ្ចប់វគ្គសិក្សាតាមការកំណត់។ មន្ទីរអប់រំ-បណ្តុះបណ្តាលចង្អុលការការិយាល័យអប់រំ-បណ្តុះបណ្តាលបណ្តាស្រុក ទីក្រុងក្នុងខេត្តប្រគល់ថវិកាឧបត្ថម្ភទាន់ដល់បណ្តាសាលាបឋមសិក្សាដែលគ្រប់គ្រងការបង្រៀនអក្សរសាស្រ្តខ្មែរតាមវត្ត ដើម្បីងាយស្រួលក្នុងការប្រគេន និងជូនដល់គ្រូបង្រៀន៕
អត្ថបទ‑រូបថត៖ សុជា