លោកគ្រូថាច់វិន្ទ បង្រៀនមុខវិជ្ជាប្រែបាលី-ខ្មែរ និងភាសាខ្មែរនៅសាលាមធ្យម សិក្សាបាលី-ខ្មែរត្រាវិញ ។ លោកគ្រូ ជាគ្រូបង្រៀនពូកែម្នាក់បានប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនប័ណ្ណសរសើរសម្រេចភារកិច្ចឆ្នើមឆ្នាំ ២០១៨។
លោកគ្រូថាច់វិន្ទកំពុងបង្រៀនសមណសិស្ស និងសិស្សសាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ។
ជាមួយនឹងការងារមុខជំនាញ លោកគ្រូ ថាច់វិន្ទ តែងមានគំនិតច្នៃប្រតិដ្ឋក្នុងការបង្ហាត់បង្រៀន ជាពិសេសមានវិធីសាស្រ្តបង្រៀនល្អមុខវិជ្ជាប្រែបាលី- ខ្មែរ និងមុខវិជ្ជាភាសាខ្មែរដែលលោកគ្រូទទួលបន្ទុក។ ក្នុងការបង្ហាត់បង្រៀន លោកគ្រូតែងយកចិត្តទុកដាក់ដល់ការអប់រំសិស្សឲ្យបង្កើតគំនិតច្នៃប្រតិដ្ឋថ្មី ដើម្បីសិស្សបង្កើនលទ្ធភាពក្នុងការអធិប្បាយប្រធានបទនីមួយៗ។ លោកគ្រូតែងផ្តល់ ចំណេះដឹងតាំងពីកម្រិតទាបដល់កម្រិតខ្ពស់ ដើម្បី សិស្សចេះស្ទាត់ជំនាញក្នុងការនិយាយ និងសរ សេរអក្សរសាស្រ្តខ្មែរ ពីរោះក្បោះក្បាយ។ លោកគ្រូថាច់វិន្ទនៅទាំងទទួលតួនាទីជាប្រធានក្រុមមុខវិជ្ជាភាសាខ្មែរទៀតផង។ ក្រៅពីនោះ លោកគ្រូក៏បានជំនួយការគណៈចាងហ្វាងផ្នែកបច្ចេកវិទ្យា ព័ត៌មានរបស់សាលាផងដែរ។ ផ្នែកបច្ចេកវិទ្យា ព័ត៌មាន លោកគ្រូអស់ពីចិត្តក្នុងការជួយណែនាំសហជីវិនអំពី ការបង្ហាត់បង្រៀនមុខវិជ្ជាណាដែល ទាក់ទងនឹងបច្ចេកវិទ្យា រួមចំណែកជំនួយឱ្យសកម្មភាពបង្ហាត់បង្រៀនតាមប្រព័ន្ធបច្ចេកវិទ្យារបស់សាលាបានស្ថិរភាព។
លោកគ្រូ ថាច់វិន្ទសំណេះសំណាលថា៖ មុខវិជ្ជាភាសាខ្មែរ បានរៀបរៀងតាមបែបថ្មីធានាមានគុណភាពខ្ពស់។ ហេតុនោះ ក្នុងនាមជាគ្រូបង្រៀន ដែលទទួលបន្ទុកមុខវិជ្ជានេះ ខ្ញុំបានចូលរួមបណ្តាវគ្គបំពាក់បំប៉នដែលមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តចាត់តាំង ។ក្រៅពីនោះ ខ្ញុំនៅទាំងស្រាវជ្រាវ រៀនសូត្របន្ថែមអំពីវិធីសាស្រ្តបង្ហាត់បង្រៀន ដើម្បីបង្រៀនសិស្សឲ្យបង្កើនចំណេះដឹងក្នុងមេរៀន និងចំណេះដឹងផ្សេងៗបង្កើតគំនិតច្នៃប្រតិដ្ឋក្នុងការវិភាគបធានបទ។ មុខវិជ្ជាភាសាសាស្រ្ត ជាពិសេស គឺភាសាខ្មែរ ជាមុខវិជ្ជាដែលបណ្តុះបណ្តាលសិស្សជំនាញក្នុងការសរសេរ និងសន្ទនាភាសា អក្សរសាស្រ្តជាតិ។ ក្នុងនោះមានជំនាញក្នុងការស្តាប់ ការសន្ទនា ការអាន និងការសរសេរជាដើម។ ប្រសិនបើស្ទាត់ជំនាញភាសាសាស្រ្តហើយ សិស្សរមែងមានលទ្ធភាពក្នុងការអត្ថាធិប្បាយអក្សរសាស្រ្តខ្មែរបានសម្បូរបែបពុំខាន។ បំណងធំបំផុតរបស់ ខ្ញុំគឺចង់ឲ្យសិស្សមានសមត្ថភាពក្នុងការវិភាគអក្សរសិល្ប៍ខ្មែរ ដូច្នោះហើយទើបខ្ញុំខំរិះរកវិធីសាស្រ្ត បង្ហាត់បង្រៀនឲ្យសមស្របដើម្បីសិស្សយល់ពាក្យពេចន៍នៃកំណាព្យកាព្យឃ្លោង យល់អំពីខ្លឹមសារ ក្នុងរឿងនីមួយៗ រួចមានគំនិតវិភាគតាមបែបអក្សរសាស្រ្តខ្មែរ។
លោកគ្រូឡឹមសុរន្ត ចាងហ្វាងរងសាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ មានប្រសាសន៍ថា៖ លោកគ្រូថាច់វិន្ទ ជាគ្រូបង្រៀនពូកែម្នាក់ដល់ព្រមដោយគុណសម្បត្តិ និងវិជ្ជាសម្បត្តិ។ លោកគ្រូស្ទាត់ជំនាញទាំងភាសាខ្មែរ និងភាសាបាលី។ ដូច្នោះហើយ នៅពេលបង្រៀន លោកគ្រូតែងពន្យល់ពាក្យពេចន៍បានល្អ ព្រមទាំងមានការវិភាគ បំផុសគំនិតច្នៃប្រតិដ្ឋឲ្យសិស្សចេះសរសេរ ចេះវិភាគតាមបែបអក្សរសិល្ប៍ខ្មែរ ក៏ដូចជាសរសេរសុន្ទរកថាជាអក្សរសាស្ត្រខ្មែរបានក្បោះក្បាយទៀតផង។ លោកគ្រូជាគ្រូ បង្រៀនម្នាក់តែងសកម្មក្នុងការក្រើនរំលឹកសិស្សឲ្យបង្កើនស្មារតីរៀនសូត្របានល្អគ្រប់មុខវិជ្ជា ជាពិសេសគឺមុខវិជ្ជាភាសាខ្មែរ និងមុខវិជ្ជាប្រែបាលី-ខ្មែរ។
ចំណុចគួរឲ្យស្ងើចសរសើរចំពោះលោកគ្រូ ថាច់វិន្ទទៀតនោះ ក្រៅពីអនុវត្តល្អការងារបង្ហាត់បង្រៀន និងបណ្តាសកម្មភាពនៅក្នុងសាលាមធ្យមសិក្សាបាលី-ខ្មែរ លោកគ្រូនៅទាំងឆ្លៀតពេលចូល រួមបង្ហាត់បង្រៀនសមណសិស្ស និងសិស្សនៅបណ្តាថ្នាក់ពុទ្ធិកសិក្សានៅតាមវត្តព្រះពុទ្ធសាសនា គណៈមហានិកាយខ្មែរក្នុងនិងក្រៅខេត្តទៀតផង។ ក្នុងនោះមាន វត្តសំរោងឯក វត្តកំពង់ (ទីក្រុងត្រាវិញ) វត្តផ្នោរកំបុត (ស្រុកចូវថាញ់) វត្តកន្លែង សេះ (ស្រុកកាងឡុង) វិទ្យាស្ថានពុទ្ធសាសនាខ្មែរ ទីក្រុងកឹងធើ។ល។ ទោះបីបង្រៀននៅសាលាណាក៏ដោយ លោកគ្រូ តែងមានគំនិតច្នៃប្រតិដ្ឋ យកអស់ពីសមត្ថភាពទៅបង្ហាត់បង្រៀនសិស្ស ដោយអស់ពីចិត្តដើម្បីបុព្វហេតុអប់រំជនជាតិ៕ អត្ថបទ-រូបថត៖ សុជា