ពិធីប្រឡងសញ្ញាប័ត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ-ទុតិយភូមិដែលចាត់តាំងឡើងនៅមណ្ឌលវត្តពោធិវង្សកំពង់ដូង (ផ្នោរដូង) ឃុំហ៊ីវទឺ ស្រុកទីវកឹង បានរដ្ឋអំណាចមូលដ្ឋាន និងប្រជាពុទ្ធបរិស័ទចូលរួមឧបត្ថម្ភគាំទ្រយ៉ាងកុះករ ញ៉ាំងឲ្យមណ្ឌលប្រឡងប្រព្រឹត្តទៅយ៉ាងឱឡារិកអធិកអធម និងសម្រេចជោគជ័យជាស្ថាពរ។ ជាពិសេសគឺបេក្ខសិស្សទាំង ០២ ថ្នាក់បានប្រឡងជាប់ទាំង ១០០%។ កម្មវិធីប្រឡងបានកន្លងផុតទៅមែន ប៉ុន្តែបានបន្សល់ទុកនូវកិត្តិសព្ទ ក៏ដូចជាអនុស្សាវរីយ៍ដ៏ល្អក្នុងព្រះទ័យ ក៏ដូចជាសន្តានចិត្តរបស់ព្រះសង្ឃ រដ្ឋអំណាច និងប្រជាពុទ្ធបរិស័ទគ្រប់ចតុទ្ទិស។
ក្នុងរយៈពេល ០៣ ថ្ងៃដែលបានប្រឡងយ៉ាងសកម្មនៅមណ្ឌលប្រឡងវត្តពោធិវង្សកំពង់ដូង (ផ្នោដូង) ឃុំហ៊ីវទឺ ស្រុកទីវកឹង។ កាល ពីរាត្រីថ្ងៃទី ២៩ មករា សមាគមព្រះសង្ឃសាមគ្គីសេ្នហាជាតិខេត្តចាត់តាំងពិធីប្រកាសលទ្ធផល ប្រគេន និងជូនសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ-ទុតិយភូមិដល់បេក្ខសិស្ស ៥១៦ អង្គ និងរូបចូលរួមប្រឡង។ ក្នុងនោះពុទ្ធិកមធ្យម សិក្សាបឋមភូមិ (ឆ្នាំទី ៤) មានបេក្ខសិស្ស ៣៤៣ អង្គ និងរូបចូលរួមប្រឡង។ ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ(ឆ្នាំទី៣) មានបេក្ខសិស្ស ១៦៣ អង្គ និងរូបចូលរួមប្រឡង។