នៅរសៀលថ្ងៃទី ២៦ ខែមិថុនា មណ្ឌលប្រឡងវិទ្យាល័យក្នុងខេត្តចំនួន ២៩ មណ្ឌលបានបើកសម័យប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យជាតិឆ្នាំ ២០២៤ ដោយមាន បេក្ខសិស្ស ៩.៦៧៩/៩.៧០៦ នាក់ (ស្មើ ៩៩,៧២% នៃចំនួនបេក្ខសិស្សដែលបានចុះឈ្មោះប្រឡង) ។ នៅវេលាម៉ោង ០២ រសៀល បេក្ខសិស្សទៅកាន់មណ្ឌលប្រឡងនីមួយៗ ដើម្បី បំពេញបែបបទលិខិតប្រឡង ស្តាប់អនុរក្សផ្សព្វផ្សាយអំពីលក្ខន្តិកៈប្រឡង កាលបរិច្ឆេទ ប្រឡង និងកែតម្រូវនាម-គោត្ត (ប្រសិនបើមានខុស) ក្នុងលិខិតចូលរួមប្រឡង។
នៅរសៀលថ្ងៃទី ២៦ មិថុនា បេក្ខសិស្សនៅមណ្ឌលប្រឡងសាលាវិទ្យាល័យហ៊ីវទឺមកកាន់មណ្ឌលប្រឡងពិនិត្យតារាងរាយនាម និងបំពេញបែបបទប្រឡង ។
* នៅស្រុកទីវកឹង មានមណ្ឌលប្រឡង ០៣ មណ្ឌលរួមមាន៖ សាលាវិទ្យាល័យទីវកឹង វិទ្យាល័យកូវក្វាង និងវិទ្យាល័យហ៊ីវទឺ ដោយមានបេក្ខសិស្ស ៩៩៨ នាក់ចូលរួមប្រឡង។ បេក្ខសិស្សនៅតាមមណ្ឌលប្រឡងក្នុងស្រុកអនុវត្តម៉ឺងម៉ាត់ និងគោរពតាមលក្ខន្តិកៈ នៅមណ្ឌលប្រឡង។
នៅសាលាវិទ្យាល័យហ៊ីវទឺ មានបេក្ខសិស្ស ១៧៩ នាក់ចូលរួមប្រឡង។ បន្ទាប់ពីប្រឡងចប់វិញ្ញាសាទី ១ (អក្សរសាស្ត្រ) ដោយកំណត់ពេល ១២០ នាទីបេក្ខសិស្ស ថាច់ធីស្វឹងម៉ាយ រីករាយឲ្យដឹងថា៖ វិញ្ញាសាអក្សរសាស្រ្តឆ្នាំនេះសុទ្ធសឹងតែចេញក្នុងប្រព័ន្ធមេរៀនដែលគ្រូបង្រៀនបានបំពាក់បំប៉ន។ បើតាមប្អូនយល់ឃើញ ថាវិញ្ញាសាអក្សរសាស្រ្តមិនពិបាកពេក ល្មមសមគួរតាមសមត្ថភាពប្អូន ម្ល៉ោះហើយ ប្អូនធ្វើបានល្អគួរសម ។ ខ អាន-យល់ និង វគ្គតែងសេចក្តីប្អូនធ្វើបានទាំងអស់។
បេក្ខសិស្សមណ្ឌលប្រឡងសាលាវិទ្យាល័យហ៊ីវទឺ ស្តាប់អ្នកគ្រូអនុរក្សប្រកាសលក្ខន្តិកៈប្រឡង។
រីឯបេក្ខសិស្ស ថាច់សុធី ក៏ដូច្នោះដែរ។ ប្អូនមានទំនុកចិត្តចំពោះខ្លួនឯងនៅពេលប្រឡងចប់វិញ្ញាសាទី ១។ សុធីសំណេះសំណាល៖ “វិញ្ញាសាដំបូងប្អូនធ្វើបានល្អ ។ ផ្តើមពីនោះ ញ៉ាំងឲ្យប្អូនមានអារម្មណ៍រីករាយ មានថាមពលដើម្បីបន្តការប្រឡងវិញ្ញាសា បន្តទៀត។
*នៅទីក្រុងត្រាវិញ មានមណ្ឌលប្រឡងចំនួន ០៣ មណ្ឌល៖ សាលា វិទ្យាល័យទីក្រុងត្រាវិញ វិទ្យាល័យង្វៀងធៀងថាញ់ សាលាអនុវត្តគរុកោសល្យ ដោយមានបេក្ខសិស្ស ១.៨៣១ នាក់ចូលរួមប្រឡង។
បេក្ខសិស្សថាច់ធីស្វឹងម៉ាយ (ទី ២ រាប់ពីឆ្វេងទៅស្តាំ) និងមិត្តភក្តិ ពិនិត្យសំណួរប្រឡងឡើងវិញ ។
បេក្ខសិស្សហ្វិញធីថាញ់ម៉ី (ទី ២ រាប់ពីស្តាំទៅឆ្វេង) និងមិត្តភក្តិពិនិត្យសំណួរប្រឡងឡើងវិញ។
នៅរសៀលថ្ងៃទី ២៧ ខែមិថុនា បេក្ខសិស្សប្រឡងវិញ្ញាសាគណិតសាស្រ្តតាមរូបភាពពហុជ្រើសរើស ដោយកំណត់ពេល ៩០ នាទី ។ មណ្ឌលប្រឡងនៅ សាលាវិទ្យាល័យទីក្រុងត្រាវិញ មានបេក្ខសិស្ស ៥៩៨ នាក់ចូលរួមប្រឡង។ ពេលប្រឡងវិញ្ញាសាគណិតសាស្រ្តរួច បេក្ខសិស្សខ្លះមានទឹកមុខរីករាយ បេក្ខសិស្សខ្លះមានទឹកស្រពោន។
បេក្ខសិស្ស ស៊ើងបេតី មណ្ឌលប្រឡងសាលាវិទ្យាល័យទីក្រុងត្រាវិញ សំណេះ សំណាល៖ វិញ្ញាសាគណិតសាស្រ្តច្បាមតាមកម្មវិធីសិក្សាកម្រិតវិទ្យាល័យ ជាពិសេស ថ្នាក់ទី ១២។ ក្នុងនោះ អត្រាសំណួរយោងតាមការយល់ដឹងខ្ពស់ មានច្រើនសំណួរ ។ ប្អូនឆ្លើយសំណួរមធ្យមៗបានគ្រាន់បើ។ ចំពោះសំណួរដែលពិបាកប្អូនមិនសូវមានទំនុកចិត្តប៉ុន្មានឡើយ។
បេក្ខសិស្សស៊ើងបេតី (ខាងស្តាំ) និងថាច់ថាប្រឡងសម្រេច ២ វិញ្ញាសានៅថ្ងៃដំបូង។
ចំពោះប្អូនថាច់ថា មណ្ឌលប្រឡងសាលាវិទ្យាល័យទីក្រុងត្រាវិញសំណេះ សំណាល៖ ចំពោះប្អូន វិញ្ញាសាគណិតសាស្រ្តឆ្នាំនេះពិបាកបន្តិច រួមមាន ៥0 ខ ។ ក្នុងនោះ សំណួរងាយៗ ប្រមាណ ៥0% ។ សំណួរមធ្យម ២0% សំណួរពិបាកបន្តិច ៣0% ។ ចំពោះប្អូនៗមានទំនុកចិត្តចំពោះចម្លើយរបស់ប្អូនដែលជ្រើសត្រូវប្រហែល ៦០%។
សម័យប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យជាតិឆ្នាំ ២០២៤ នៅរក្សាបែបបទ ដូចសម័យប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យជាតិឆ្នាំ ២០២៣ ។ បេក្ខសិស្សចូលរួមប្រឡង ០៤ វិញ្ញាសារួមមាន៖ គណិតសាស្រ្ត អក្សរសាស្ត្រ ភាសាបរទេស និងជ្រើសប្រឡង ១ ក្រុមវិញ្ញាសា ក្នុងចំណោម ០២ ក្រុមវិញ្ញាសា គឺក្រុមវិញ្ញាសាវិទ្យាសាស្ត្រធម្មជាតិ (គីមីសាស្រ្ត រូបសាស្រ្ត ជីវសាស្រ្ត) និងក្រុមវិញ្ញាសា វិទ្យាសាស្ត្រសង្គម (ប្រវត្តិសាស្រ្ត ភូមិសាស្រ្ត អប់រំពលរដ្ឋ)។ វិញ្ញាសាអក្សរសាស្រ្តប្រឡង តាមរូបភាពសរសេរជាអត្ថបទ វិញ្ញាសាក្រៅពីនោះប្រឡងតាមរូបភាពពហុជ្រើសរើស៕
អត្ថបទ - រូបថត៖ សុជា