នោះគឺលោក គឹមតឺ ប្រធានសាខាសមាគមអតីតយុទ្ធជនភូមិអូរត្រាវ ឃុំហ៊ីវទឺ ស្រុកទីវកឹង។ កាលទើបចេញពីកងទ័ព ថ្វីត្បិតសុខភាពថមថយ ប៉ុន្តែលោកមា គឹមតឺ តែងមានស្មារតី និងឆន្ទៈមោះមុតរបស់ “កងទ័ពអ៊ំហូ” ជម្នះរាល់ការលំបាក ព្យាយាមពលកម្មផលិតពង្រីកសេដ្ឋកិច្ចគ្រួសារ។ អស់រយៈកាលជាង ៣០ ឆ្នាំកសាងអាជីព លោកគឹមតឺ ទិញបានដីស្រែជិត ០៦ ហិកតា និងសាងសង់បានផ្ទះយ៉ាងសមរម្យ ចិញ្ចឹមកូន ០២ នាក់រៀនសូត្របានជោគជ័យ ម្នាក់ជាវិស្វករ ម្នាក់ទៀតជាវេជ្ជបណ្ឌិត។
នៅបណ្តាថ្ងៃអំណរអនុស្សាវរីយ៍ឆ្នាំទី ៤៧ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០/៤/១៩៧៥-៣០/៤/២០២២) យើងខ្ញុំមានឱកាសទៅសួរសុខទុក្ខគ្រួសារលោកមាគឹមតឺ ហើយបានស្តាប់គាត់រំលឹកឡើងវិញនូវអនុស្សាវរីយ៍ដ៏ជូរចត់របស់ខ្លួន និងមិត្តរួមអាវុធកាលទៅបំពេញកាតព្វកិច្ចយោធាអន្តរជាតិនៅប្រទេសព្រះរាជាណាចក្រកម្ពុជា និងរៀបរាប់អំពីការពុះពារឆ្លងកាត់ការលំបាកក្នុងពេលវិលត្រឡប់មកស្រុកកំណើត ដើម្បីកសាងជីវភាពថ្មី។ ឆ្នាំ១៩៨៤ លោកមាគឹមតឺ ស្ម័គ្រចិត្តចូលរួមក្រុមកងទ័ពស្ម័គ្រចិត្តប្រយុទ្ធនៅសមរភូមិកម្ពុជា។ ឆ្នាំ ១៩៨៦ ក្នុងពេលកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានលោកមាគឹមតឺក៏រងរបួសប្រមាណ ៤១% (ជាយុទ្ធជនពិការប្រភេទ ៣/៤)។ ពេលព្យាបាលរបួសបានសះស្បើយគ្រាន់បើ គាត់ក៏ចេញពីកងទ័ពត្រឡប់មកស្រុកកំណើតវិញ។ លោក មាគឹមតឺ កើតនិងធំដឹងក្តីក្នុងគ្រួសារក្រីក្រមួយមានបងប្អូន ០៩ នាក់។ ក្រោយពីរៀបការរួច ឪពុកម្តាយទាំងសងខាងចែកដីស្រែឲ្យ ០២ កុង។ ដើម្បីមានដើមទុនសម្រាប់ពង្រីកសេដ្ឋកិច្ចគ្រួសារ លោកមាតែងធ្វើការស៊ីឈ្នួល តាំងពីការងារជីកស្រះ ថែទាំចម្ការ។ ប្តីប្រពន្ធគាត់ជំរុញទឹកចិត្តគ្នាដើម្បីឆ្លងកាត់រាល់ការលំបាកកសាង ជីវភាពគ្រួសារឲ្យបានធូរធា។ ដោយមានគុណសម្បត្តិជា “កងទ័ពអ៊ំហូ” លោកមាគឹមតឺតែងមានស្មារតីជឿជាក់លើខ្លួនឯង មិនបណ្តោយខ្លួនតាមយថាកម្ម តែងព្យាយាមពលកម្ម ស៊ូទ្រាំនឹងការនឿយហត់ មិនស៊ូទ្រាំនឹងភាពក្រីក្រឡើយ។ ផ្តើមពីដីស្រែ ០២ កុង រួមនឹងប្រាក់សន្សំសំចៃពីការស៊ីឈ្នួល លោកមាគឹមតឺក៏ទិញមាន់ ទាមកចិញ្ចឹម សន្សឹមៗក៏សន្សំបានប្រាក់ទិញបានជ្រូក និងគោមកចិញ្ចឹម និងទិញបានដីស្រែសន្សឹមទៀតផង។ គាត់មិនត្រឹមតែជាគំរូក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ហើយនៅទាំងបង្ក លក្ខណៈឲ្យសមាជិកបានបុលទុន និងរៀនសូត្រពីវិទ្យាសាស្រ្ត-បច្ចេកទេសជឿនលឿនក្នុងការចិញ្ចឹមសត្វ ផលិត ដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ និងលុបបំបាត់អស់គ្រួសារសមាជិកក្រីក្រ។ បច្ចុប្បន្ន គ្រួសារលោកមាមានហ្វូងគោជាង ១០ ក្បាល ដីស្រែជាង ០៤ ហិកតា (ចែកដីស្រែឲ្យកូន ២ នាក់ ម្នាក់ៗ ០១ ហិកតា) ក្រោយពេលទូទាត់ខ្ទង់ចំណាយរួច គ្រួសារលោកមានៅមានប្រាក់ចំណូលក្នុងមួយឆ្នាំពី ១៥០-២០០ លានដុង ។
លោកមាគឹមតឺ (ទី ២ ពីស្តាំទៅឆ្វេង) សំណេះសំណាលជាមួយសមាជិក។
សំណេះសំណាលពីបទពិសោធន៍ក្នុងជីវភាព ក៏ដូចជាការពង្រីកសេដ្ឋកិច្ចគ្រួសារ លោកមាគឹមតឺមានប្រសាសន៍ថា៖ ប្រជុំជីវភាពនៅក្នុងបរិស្ថានកងទ័ពអស់រយៈកាលជាង ០២ ឆ្នាំ ខ្ញុំរៀនបទពិសោធន៍បានច្រើនណាស់ ជាពិសេសគឺរៀន និងលត់ដំអត្តចរិតបានល្អ មានការតស៊ូ ឆន្ទៈមោះមុត និងធ្វើការងារណាឲ្យច្បាស់ការងារនោះ។ ទាំងនោះហើយជាកត្តាសំខាន់ ក៏ដូចជាទ្រព្យដ៏វិសេសវិសាលសម្រាប់ខ្ញុំពេលវិលត្រឡប់មកស្រុកកំណើតកសាងជីវភាពសម្រេចជោគជ័យ។
កំណត់ត្រាអំពីការរួមចំណែករបស់ លោកមា គឹមតឺនៅមូលដ្ឋាន លោក ថាច់កេវវ៉ាំង ប្រធានសមាគមអតីតយុទ្ធជនឃុំហ៊ីវទឺមានប្រសាសន៍ថា៖ “ លោកមាគឹមតឺ និងបណ្តាសមមិត្តរួមអាវុធ បានរួមចំណែកយ៉ាងសកម្មក្នុងបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន ជាពិសេសការងារចលនាសមាជិកពង្រីកសេដ្ឋកិច្ច រក្សាខ្ជាប់សន្តិសុខ សណ្តាប់ធ្នាប់ ចូលរួមការពារបក្ស ការពាររដ្ឋអំណាច និងប្រឆាំងនូវឧបាយកលបំបែកបំបាក់សាមគ្គីរបស់បច្ចាមិត្ត។ល។ រួមចំណែករក្សាស្ថិរភាពសន្តិសុខនយោបាយ ពង្រីកសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន។
ដោយមានការចូលរួមចំណែកយ៉ាងសកម្ម លោកមាគឹមតឺបានប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនប័ណ្ណសរសើរ “ដោយមានស្នាដៃឆ្នើមក្នុងការកសាង និងពង្រីកធ្លុងមហាសាមគ្គីទូទាំងប្រជាជាតិនៅខេត្តត្រាវិញ” កាលពីឆ្នាំ ២០០៩ ៕
អត្ថបទ‑រូបថត៖ សុជា