ជាង ២០ ឆ្នាំផ្សារភ្ជាប់នឹងរបរដាំដំឡូងជ្វា បងថាច់ផល្លី នៅភូមិ អញ្ចាញ់(អា) ឃុំឡុងហ៊ីប ស្រុកថ្កូវ កសាងជីវភាពគ្រួសារបានរីកចម្រើនជាលំដាប់។ ជាពិសេស "មិនត្រឹមតែធ្វើមានធ្វើបាន " ប៉ុណ្ណោះទេ គាត់នៅទាំងសន្សំបានប្រាក់ផ្ទេរកម្មសិទ្ធិ ដីស្រែបាន ០៧ កុង គោ ០៧ ក្បាលទៀតផង។ ក្រៅពីនោះ ប្តីប្រព័ន្ធគាត់សន្សំប្រាក់សាងសង់បានផ្ទះយ៉ាងរឹងមាំជាមួយខ្នងអស់ប្រាក់ ២០០ លានដុង។
ផ្តើមពីផ្ទៃដីស្រែ ០៣ កុងដែលឪពុកម្តាយចែកឲ្យកាលពីឆ្នាំ ១៩៩៥ ក្នុងមួយឆ្នាំ ប្តីប្រពន្ធបងផល្លីផលិតស្រូវ ០១ រដូវ ដាំដំណាំ ០១ រដូវ ប៉ុន្តែចំណេញមិនសូវបានប៉ុន្មាន មានរដូវខ្លះលក់មិនបាន ថែមទាំងខាតដើមទុនទៀតផង។ មូលហេតុមកពីបងផល្លីរកច្រកចេញមិនបានលំនឹង។ ឆ្នាំ ១៩៩៨ បងផល្លីបង្វែរផ្ទៃដី ០៣ កុងនោះនិងផ្ទៃដី ០២/០៧ ដែលប្តីប្រពន្ធគាត់សន្សំប្រាក់ទិញបានមកដាំដំឡូងជ្វា។ដើម្បីរកច្រកចេញឲ្យផលិតផល គាត់បានទំនាក់ទំនងជាមួយឈ្មួញលក់ដំឡូងជ្វានៅផ្សារជិតខាង។ ឆ្នាំដំបូង គាត់ដាំដំឡូងជ្វា ០៣ កុង ទិន្នផលផ្ដល់ពី ០១‑២,៥ តោនក្នុងមួយហិកតា រួចលក់ឲ្យអតិថិជននៅបណ្តាផ្សារហ៊ីបហ្វា ឡុងហ៊ីប ភឿកហ៊ឹង ។ល។ ក្រោយពេលទូទាត់ខ្ទង់ចំណាយរួច ក្នុងមួយរដូវ គ្រួសារគាត់ចំណេញពី ០៦‑០៨ លានដុង ក្នុងមួយកុង ។
បងផល្លីបានឲ្យដឹងថា៖ "គ្រួសារខ្ញុំមានប្រភពចំណូលខ្ពស់អាស្រ័យ ដោយរបរដាំដំឡូងជ្វានិងចិញ្ចឹមគោ។ ប៉ុន្មានឆ្នាំដំបូង ខ្ញុំដាំដំឡូងជ្វា ០៣ កុង ក្រោយមកខ្ញុំក៏ដាំបាន ០៥ កុង។ ក្រោយពេលទូទាត់ខ្ទង់ចំណាយរួចគ្រួសារខ្ញុំចំណេញពី ៣០‑៤០ លានដុង ក្នុងមួយឆ្នាំ ខ្ពស់ជាងពី ០៣‑០៤ ដងបើប្រៀបនឹងផលិតស្រូវ។ បងផល្លីឲ្យដឹងបន្ថែម៖ ដំឡូងជ្វាជាប្រភេទដំណាំងាយដាំ ងាយថែទាំ។ ដើម្បីដាំដំឡូងជ្វាសម្រេចទិន្នផលខ្ពស់ ដំបូងបង្អស់គឺយើងជ្រួយដីឲ្យផុស ដាក់ជីអាចម៍ និងជី DAP បន្ទាប់ពីនោះពោររងដាំ។ គប្បីដាំពី ៨.០០០‑១០.០០០ ទងក្នុងមួយកុង មិនត្រូវដាំញឹកពេក ទិន្នផលផ្ដល់មិនបានខ្ពស់ មើមមិនធំ ហើយពេលដាំបានពី ៣០‑៣៥ ថ្ងៃ ត្រូវដាក់ជីឲ្យមើមវារីក"។
ដោយផ្សារភ្ជាប់ជាមួយរបរដាំដំឡូងជ្វាច្រើនឆ្នាំ បងផល្លី ដាំពូជដំឡូងជាច្រើនប្រភេទ ក្នុងនោះពូជដំឡូងដែលគាត់ដាំច្រើនឆ្នាំបំផុតគឺពូជ HL284។ នេះជាប្រភេទដំឡូងសមស្របនឹងដីធ្លីនៅទីនេះ រយៈកាលលូតលាស់ពី ៩០‑៩៥ ថ្ងៃ ទិន្នផលសម្រេចពី ២៥‑៣០ តោនក្នុងមួយហិកតា។ ជាពិសេស ពូជដំឡូងនេះ មានរសជាតិផ្អែម ម្សៅច្រើន អតិថិជនចូលចិត្តហូប។
លោកថាច់ចន្ថា លេខាសាខាបក្សភូមិអញ្ចាញ់ (អា) បានឲ្យដឹង៖ បងផល្លីជាកសិករមានស្មារតីព្យាយាម ផ្លាស់ប្តូរជូពដំណាំសមស្របជាមួយនឹងផ្ទៃដីនៅមូលដ្ឋាន។ ពុំនោះសោត បងតែងចែករំលែកបទពិសោធន៍ពីរបៀបជ្រើសពូជ របៀបថែទាំដំឡូងនិងជួយរកច្រកចេញឲ្យមាមីងកសិករក្នុងភូមិរវាសរវៃក្នុងការរកទីផ្សារលក់ដំឡូងនិង ចេះប្រិតសំចៃ ម្លោះហើយគ្រួសារគាត់មានទ្រព្យសម្បត្តិនិងសាងសង់បានផ្ទះមួយខ្នងយ៉ាងសមរម្យ៕អត្ថបទ‑រូបថត៖ សុជា