ជាមួយការឧបត្ថម្ភដោយរូបភាពជាច្រើនដល់គ្រួសារក្រីក្រ និងគ្រួសារជិតក្រ សាខាបក្សភូមិស្លាប៉ាង ឃុំដូងចូវ ស្រុកយ្វៀងហាយ បានជួយគ្រួសាររាប់រយគ្រួនៅក្នុងភូមិ ឲ្យមានលក្ខណៈឈានឡើងរួចផុតពីភាពក្រីក្រចីរភាព។
ជាគ្រួសារក្រីក្រ ច្រើនឆ្នាំបន្តបន្ទាប់មក គ្មានដីផលិត ជារៀងរាល់ថ្ងៃប្តីប្រពន្ធបង គឹមថាញ់វ៉ាង ប្រកបតែរបរស៊ីឈ្នូល ប្រភពចំណូលមិនលំនឹង។ ឆ្នាំ ២០១៧ ខណៈដែលទៅធ្វើជាងកំបោរ បងវ៉ាងត្រូវគ្រោះថ្នាក់ ម៉្លោះហើយ បច្ចុប្បន្នបងមិនអាចធ្វើការធ្ងន់បាន ការផ្គត់ផ្គង់គ្រួសាររកប្រាក់ឲ្យកូនៗ ០២ នាក់កំពុងសិក្សា ត្រូវពឹងផ្អែកទាំងស្រុងទៅលើប្រពន្ធបង គឺបងស្រីគាងធីឡា។
ដោយឃើញស្ថានភាពលំបាក របស់គ្រួសារបង ឆ្នាំ ២០១៨ សាខាបក្សភូមិស្លាប៉ាង ឧបត្ថម្ភឲ្យគ្រួសារបងបុលប្រាក់ទុន ២០លានដុងសម្រាប់ពង្រីកសេដ្ឋកិច្ច។ ពេលទទួលបានប្រាក់ ទុន បងឡាបើកតូបលក់ផ្លែឈើ។ បងគាងធីឡាចែករំលែកថា៖ ដោយឃើញគ្រួសារខ្ញុំជួបការលំបាក គ្មានទុនលក់ដូរ ទើបបានរដ្ឋអំណាចនៅមូលដ្ឋានដោះស្រាយអោយបុលទុនពង្រីកសេដ្ឋកិច្ច។ អាស្រ័យមានប្រាក់ទុននោះទើបបច្ចុប្បន្ន គ្រួសារខ្ញុំកាត់បន្ថយបានក្តីលំបាក។ ជាមធ្យម ក្នុងមួយថ្ងៃ ខ្ញុំលក់ផ្លែឈើចំណេញបានពី ៧០.០០០-១០០.០០០ ដុង គ្រប់ចាយវាយក្នុងគ្រួសារ។
លោកយឿងមិញចូវលេខាសាខាបក្សភូមិស្លាប៉ាងបានអោយដឹង៖ ដើម្បីឧបត្ថម្ភប្រាក់ទុនពង្រីកសេដ្ឋកិច្ចជូនគ្រួសារក្រីក្រ ដំបូងភូមិត្រូវតែត្រួតពិនិត្យមុន តាមដានមើលគ្រួសារនោះតើខិតខំរកទទួលទានឬទេ ទើបដោះស្រាយឲ្យបុលទុន ដើម្បីប្រើប្រាស់ប្រាក់ទុនត្រូវគោលដៅ បង្កលក្ខណៈអោយគេឈានឡើងរួចផុតពីភាគក្រីក្រ។ បច្ចុប្បន្ន ទូទាំងភូមិ មានគ្រួសារក្រីក្រ ៤៣ គ្រួ តាមការគ្រោងទុក ដល់ចុងឆ្នាំ ២០២០ ភូមិនឹងលុបបំបាត់គ្រួសារក្រីក្រ ១៨ គ្រូសារទៀត។ យោងតាមនោះ គ្រួសារក្រីក្រ១៨គ្រួ បានដោះស្រាយឲ្យបុលទុនលក់ដូរតូចតាច ឬបង្វែរផ្ទៃដីផលិត និងបានបក្ខជនឧបត្ថម្ភ ណែនាំពង្រីកការផលិត។
ទន្ទឹមនឹងការឧបត្ថម្ភទុន សាខាបក្សភូមិស្លាប៉ាង នៅទាំងយកចិត្តទុកដាក់ អនុវត្តបណ្តាគោលនយោបាយអំពីឧបត្ថម្ភសង់ផ្ទះ ដីផលិតចំពោះជនរួមជាតិខ្មែរ។ គិតតាំងពីឆ្នាំ ២០១៤ មកដល់សព្វថ្ងៃ ទូទាំងភូមិមាន គ្រួសារ២៧គ្រួបានឧបត្ថម្ភដីសង់ផ្ទះ និង គ្រួសារ ២៤០គ្រួបានឧបត្ថម្ភសាងសង់ផ្ទះ និងមាន គ្រួសារ២៥គ្រួបានឧបត្ថម្ភបុលទុនផ្លាស់ប្តូរការផលិត ពង្រីកសេដ្ឋកិថ្ច។ដើម្បីរួមដំណើរជាមួយគ្រួសារក្រីក្រ គិតពីឆ្នាំ ២០១៤ មកដល់សព្វថ្ងៃ សាខាបក្សភូមិ នៅទាំងអនុវត្តទម្រង់ “បក្ខជនប្រិតសំចៃចូលរួមវិភាគទានឧបត្ថម្ភសិស្សក្រីក្រសង្វាតរៀនសូត្រ” និងបំផុសចលនាបណ្តាសប្បុរសជន នៅក្នុងនិងក្រៅឃុំគបវាល់អង្ករជូន គ្រួសារ០៧នៅក្នុងភូមិ ក្នុងមួយខែគ្រួសារនីមួយៗ ទទួលបានអង្ករ ១០ គីឡូក្រាម៕ អត្ថបទ- រូបថត៖ សុខា