ជាមួយនឹងផ្ទៃដី ៣ កុង ទំពាំងរបស់លោកមានអាយុ ៣ ឆ្នាំ ប្រមូលផលពី ៣០ ទៅ ៤០ គីឡូក្រាមក្នុងមួយថ្ងៃ តម្លៃនៅរដូវវស្សាប្រហែល ១២.០០០ - ១៣.០០០ ដុង/គីឡូក្រាម នៅរដូវប្រាំងពី ៧០.០០០ - ៧៥.០០០ ដុង/គីឡូក្រាម ក្រោយពេលទូទាត់ប្រាក់ចំណាយរួចនៅចំណេញជិត ២០០ លានដុង/ឆ្នាំ។ នោះគឺទម្រង់ដាំទំពាំងរបស់លោក គឹមចុង នៅភូមិ គិញសាង ឃុំហ្វាឡើយ ស្រុកចូវថាញ់។
តាមបទពិសោធន៍របស់លោក គឹមចុង ដើម្បីបណ្តុះពន្លកឫស្សីឱ្យមានប្រសិទ្ធភាព កូនឫស្សីត្រូវបានថែរក្សាឫសវាឱ្យលូតលាស់រឹងមាំមុនពេលដាំ។ ការដាំឫស្សីសម្រាប់យកទំពាំងមិនបង់កម្លាំងច្រើនទេ ហើយក៏មិនទាមទារបច្ចេកទេសខ្ពស់ដែរ។ ដើមឫស្សីនីមួយៗមានចម្ងាយពីគ្នាប្រហែល ៨ ម៉ែត្រ អ្នកដាំត្រូវបង្កើនជីលាមកសត្វ។ ចាំបាច់ត្រូវវិនិយោគលើប្រព័ន្ធធារាសាស្ត្របាញ់ទឹក ដើម្បីសម្រួលដល់ការថែទាំនៅរដូវប្រាំង កម្រិតកម្លាំងពលកម្ម និងកាត់បន្ថយការចំណាយលើការវិនិយោគ។
លោកចុងកំពុងប្រមូលផលទំពាំង។
លោក គឹមចុងឲ្យដឹងថា៖ «ដីនៅទីនេះធ្វើស្រែមិនសូវមានផលទេ។ ដើម្បីជោគជ័យនៅលើផ្ទៃដីរបស់ខ្លួន ចាំបាច់ត្រូវផ្លាស់ប្តូររចនាសម្ព័ន្ធផលិតកម្ម និងអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ តាមរយៈការស្រាវជ្រាវទម្រង់ផលិតកម្មនៃការដាំដុះ និងចិញ្ចឹមសត្វមានប្រសិទ្ធភាពតាមរយៈសៀវភៅ និងសារព័ត៌មាននានា ខ្ញុំបានរកឃើញថា ទម្រង់ដាំឫស្សីយកទំពាំងគឺមានប្រសិទ្ធភាព និងសមស្របនឹងដីក្នុងស្រុក ហើយអាចប្រមូលផលទំពាំងបានពេញមួយឆ្នាំ។ ដោយមានញាតិញោមនៅភូមិបាទីវ ឃុំដាឡុក ស្រុកចូវថាញ់ មានទម្រង់ដាំឫស្សីយកទំពាំងមានប្រសិទ្ធភាពនៅឆ្នាំ ២០១៩ ខ្ញុំបានទៅភូមិបាទីវ ទិញមែកឫស្សីនេះចំនួន ២៥ មែកយកមកដាំលើផ្ទៃដីស្រែទំហំ ១,៥ ហិកតា។ ដោយសារខ្វះចំណេះដឹងពីបច្ចេកទេស ទើបមានតែ៨មែកនៅរស់។ តាមការសិក្សាពីសមត្ថភាពលូតលាស់របស់ឫស្សី និងអនុវត្តការជឿនលឿនខាងផ្នែកវិទ្យាសាស្ត្រនិងបច្ចេកទេស ឥឡូវចម្ការឫស្សីសម្រាប់យកទំពាំងរបស់គ្រួសារខ្ញុំបាន៣កុងហើយ”។
ការបន្តពូជរបស់ឫស្សីមិនពិបាកពេកទេ អាចកាត់មែកវារួចបណ្តុះតាមធម្មតា ឬបណ្ដុះលើដើមផ្ទាល់ក៏បាន។ ប៉ុន្តែ អ្នកដាំត្រូវមានបច្ចេកទេស និងបទពិសោធន៍ផ្ទាល់ខ្លួន។ បច្ចុប្បន្ននេះ ក្រៅពីការដាំឫស្សីសម្រាប់យកទំពាំងនោះ លោក គឹមចុង ក៏បានស្រង់ពូជដើម្បីលក់ទៅកាន់ទីផ្សារតាមតម្រូវការរបស់កសិករផងដែរ។
លោក តាវ៉ាំងហាយ ប្រធានសមាគមកសិករឃុំ ហ្វាឡើយ មានប្រសាសន៍ថា៖ “លោក គឹមចុង គឺជាគំរូមួយក្នុងចំណោមគំរូពិសេសរបស់ឃុំក្នុងការត្រួសត្រាយផ្លូវរៀបចំរចនាសម្ព័ន្ធផលិតកម្មប្រកបដោយប្រសិទ្ធភាព។ គំរូដាំឫស្សីយកទំពាំងរបស់លោកគឹមចុង ផ្តល់ផលិតផលនិងប្រាក់ចំណេញខ្ពស់។ ក្រៅពីនោះ លោកគឺជាអ្នកដែលមានប្រជាប្រិយភាពបំផុតនៅក្នុងតំបន់ជនរួមជាតិខ្មែរ លោកតែងតែជាអ្នកត្រួសត្រាយក្នុងចលនាបដិវត្តន៍នៅក្នុងមូលដ្ឋាន”៕
អត្ថបទ-រូបថត៖ សុខា