កាលពីរសៀលថ្ងៃទី ៣០ មិថុនាឆ្នាំ ២០២៣ នៅវត្តក្រពុំឈូកច្រាល (ចារ) ឃុំ ថាញ់ស៊ើង សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ ចាត់តាំងសន្និបាតបូកសរុបសកម្មភាព ៦ ខែដើម និងផ្សព្វផ្សាយភារកិច្ច ៦ ខែចុងឆ្នាំ ២០២៣។
ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិត ថាច់ សុខសាន្ត ប្រធានគណៈអភិបាលពុទ្ធសាសនាវៀតណាមខេត្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត និមន្តចូលរួម និងចង្អុលការអង្គសន្និបាត។
បណ្តាតំណាងចូលរួមសន្និបាត។
តាមរបាយការណ៍នៅអង្គសន្និបាត ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៣ ទន្ទឹមនឹងចលនាបណ្តាវត្តអនុវត្តល្អការងារព្រះពុទ្ធសាសនា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវតែងជាស្ពានតភ្ជាប់រវាងគណៈកម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ជាមួយព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងការផ្សព្វផ្សាយគោលការណ៍ គោលមាគ៌ានយោបាយ ច្បាប់របស់បក្ស និងរដ្ឋ ។ ឆ្លងតាមរយៈនោះ បានជំនួយដល់ព្រះសង្ឃ ពុទ្ធបរិស័ទបង្កើនការយល់ដឹងជឿជាក់តាមការដឹកនាំរបស់បក្ស ការគ្រប់គ្រងរដ្ឋ នឹងនរចិត្តក្នុងការសិក្សា និងប្រតិបត្តិធម៌អាថ៌វិន័យតាមមាគ៌ាព្រះពុទ្ធសាសនា ព្រមទាំងចូលរួមអនុវត្តល្អបណ្តាចលនាស្នេហាជាតិនៅមូលដ្ឋាន។ ជាក់ស្តែងតាំងពីដើមឆ្នាំមកទល់ពេលនេះ ព្រះសង្ឃ និងពុទ្ធបរិស័ទបានចូលរួមជាមួយគណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក ធ្វើនូវកិច្ចការសប្បុរសធម៌សង្គម កសាងសំណង់សាធារណប្រយោជន៍។ល។ សរុបជាទឹកប្រាក់ជាង ៣,៥ ពាន់លានដុង។ ក្នុងនោះកសាងផ្ទះមហាសាមគ្គី ០៧ ខ្នងជូនគ្រួសារក្រីក្រ សរុបថវិកាជាង ៣៩០ លានដុង។ កសាងស្ពានជនបទ ០២ ស្ពាន សរុបថវិកាជិត ៤៣០លានដុង។ ជូនអំណោយជាង ៣.៥០០ ចំណែកដល់គ្រួសារក្រីក្រ គ្រួសារជិតបន្ទាត់គ្រួសារក្រីក្រ សរុបថវិកាជាង ០១ ពាន់លានដុង។ កសាងប្រព័ន្ធចម្រោះទឹកស្អាត ០៣ កន្លែងជូនតំបន់ប្រជាជនស្នាក់នៅ 0៣ តំបន់ សរុបថវិកា ១៥០ លានដុង។ ទទួលឧបត្ថម្ភសិស្ស ជូនអាហារូបករណ៍ ទោចក្រយានដល់សិស្សក្រីក្រ និងមានស្ថានភាពលំបាក។ល។
នៅអង្គសន្និបាត បណ្តាតំណាងចូលរួមបានពិគ្រោះ និងឯកភាពកំណត់ទិសដៅ ភារកិច្ចជាក់ស្តែង ដើម្បីអនុវត្តឱ្យបានល្អនូវសកម្មភាពរបស់សមាគមក្នុង ៦ ខែចុងក្រោយ ឆ្នាំ ២០២៣។
ថ្លែងសុន្ទរកថានាអង្គសន្និបាត លោក គឹមសាង អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកថ្កូវ បានទទួលស្គាល់ការរួមចំណែកយ៉ាងសកម្មរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវក្នុងរយៈកាលកន្លង ។ លោកសង្ឃឹមថា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ នឹងបន្តកិច្ចសហការជាមួយព្រះចៅអធិការ និងគណៈអារាមាភិបាលវត្តពុទ្ធសាសនាមហានិកាយខ្មែរទាំង ៣៧ វត្តក្នុងស្រុក ដើម្បីចលនាពុទ្ធបរិស័ទ ចូលរួមរក្សាខ្ជាប់លក្ខឋានឃុំជនបទថ្មី ដើម្បីស្រុកបានទទួលស្គាល់ជាស្រុកជនបទថ្មីនៅចុងឆ្នាំ ២០២៣ តាមផែនការដែលបានដាក់ចេញ។
មានថេរដីកាចង្អុលការអង្គសន្និបាត ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិត ថាច់សុខសាន្តបានកំណត់ត្រា និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវសម្រេចបានក្នុងរយៈពេល ៦ ខែដើមឆ្នាំ។ ព្រះឧបជ្ឈាយ៍បានឯកភាពខ្ពស់ចំពោះផែនការ និងភារកិច្ចដែលសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវបានដាក់ចេញនា ០៦ ខែចុងឆ្នាំ ២០២៣ ។ ព្រះឧបជ្ឈាយ៍សង្ឃឹមថា គណៈកម្មាធិការបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការមហាជននឹងបន្តការរួមដំណើរជាមួយសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកនៅរាល់សកម្មភាព ។ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិថ្កូវគប្បីបន្តការពង្រឹងស្មារតីសាមគ្គី និងសហការជាមួយរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ អនុវត្តល្អការងារ ភារកិច្ចនា ៦ ខែចុងឆ្នាំ ២០២៣។
ក្នុងឱកាសនេះដែរ គណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ ប្រគេនសេចក្តីសម្រេចចិត្តទទួលស្គាល់ ៣៩ អង្គ ជាគណៈប្រតិបត្តិការអាណត្តិកាល ២០២៣-២០២៨៕
ដំណឹង‑រូបថត៖ សុជា