យុវជនខ្មែរភាគច្រើនសាងផ្នួសនៅវ័យ ១៥ ឬក៏ ១៦ ឆ្នាំចំណែកព្រះតេជគុណ (លោកតា) គឹមសំណាងនៅភូមិខ្សាច់កណ្ដាលឃុំហ្វាធ្វឹង ស្រុកចូវថាញ់ មានព្រះជន្មជិត ៥០ ឆ្នាំទើប សម្រេច ចិត្តទៅសាងផ្នួសដើម្បីបន្តការសិក្សាស្វែងយល់ អំពីធម៌អាថ៍វិន័យព្រះពុទ្ធសាសនា។ បច្ចុប្បន្ន ព្រះតេជគុណគឹមសំណាងសាងផ្នួសបាន ០៤ ព្រះ វស្សា និងទៅសិក្សានៅវត្តនានាក្នុងស្រុកកូវង៉ាង។ ឆ្នាំនេះ ព្រះអង្គកំពុងសិក្សាថ្នាក់ពុទ្ធិកមធ្យមសិក្សា បឋមភូមិឆ្នាំទី ៤ នៅវត្តចក្ការាម (ធ្លក) ឃុំហ៊ីប ហ្វា ស្រុកកូវង៉ាង។ សំណេះសំណាលជាមួយយើងខ្ញុំអំពីការសិក្សា និងនិស្ស័យដែលព្រះអង្គចូលវត្តសាងផ្នួស ព្រះតេជគុណគឹមសំណាងបានឲ្យដឹងថា៖ នៅឆ្នាំ ១៩៨៣ ព្រះអង្គក៏បានបួសម្តងហើយដែរ ប៉ុន្តែអាស្រ័យ ដោយស្ថានភាពគ្រួសារជួបការលំបាក ព្រះអង្គ មិនអាចសិក្សារៀនសូត្របាន ម៉្លោះហើយព្រះអង្គបួសបានតែ ៦ ព្រះវស្សាក៏លាចាកសិក្ខាបទទៅ បំពេញភារកិច្ចគ្រួសារ។ ដល់ពេលសេដ្ឋកិច្ចគ្រួ សារបានធូរធារគ្រាន់បើ។ កូនទាំងបួនមានគ្រួ សាររៀងខ្លួនហើយ ព្រះអង្គក៏សម្រេចចិត្តទៅសាង ផ្នួសតាមបំណងរបស់ខ្លួនក៏ដូចជាសងគុណដល់ឪពុកម្ដាយ។ ដោយមានការសោកស្ដាយ កាលនៅក្មេងមិនបានរៀនអក្សរខ្មែរ ដូច្នេះហើយ អត្មា តែងតែព្យាយាមសិក្សាជានិច្ច។
ព្រះតេជគុណ គឹមសំណាងក្នុងម៉ោងរៀន។
លោកថាច់រេនជាគ្រូបង្រៀនអចិន្ត្រៃយ៍វត្តធ្លកបានឲ្យដឹងថា៖ ទោះមានវ័យចំណាស់ក៏ដោយ ប៉ុន្តែព្រះតេជគុណគឹមសំណាងតែងព្យាយាមរៀនសូត្រ បានល្អ។ ដោយមានស្មារតីស្រឡាញ់វប្បធម៌ អត្ត សញ្ញាណជនជាតិ ព្រះអង្គបានសាងផ្នួសនិងរៀន សូត្រដើម្បីរក្សានូវអក្សរសាស្ត្រជាតិ។ ក្រៅពីនោះ នៅទាំងជួយឲ្យព្រះអង្គយល់ច្បាស់អំពីផ្លូវព្រះពុទ្ធសាសនារួមចំណែកអភិរក្ស និងអភិវឌ្ឍន៍អក្សរ សាស្ត្រវប្បធម៌ជនជាតិ។
ក្រៅពីការខិតខំរៀនសូត្រ ព្រះអង្គនៅទាំងជួយដឹកនាំពុទ្ធបរិស័ទឲ្យរស់នៅល្អ គោរពធម៌អាថ៌វិ ន័យពុទ្ធសាសនា ចេះស្រឡាញ់គ្នា ចេះជួយគ្នាទៅវិញទៅមក ខំកសាងអំពើល្អ ជៀសឆ្ងាយពីអំពើអាក្រក់។ល។
វាយតម្លៃអំពីព្រះតេជគុណគឹមសំណាង ព្រះតេជគុណ ថាច់តារា ព្រះចៅអធិការវត្តចក្ការាម (ធ្លក) ឱ្យដឹងថា៖ ព្រះតេជគុណគឹមសំណាងតែង ព្យាយាមក្នុងការសិក្សា។ ការរៀនសូត្ររបស់ អង្គនេះ មិនអន់ជាងសមណសិស្សដទៃក្នុង ថ្នាក់ឡើយ។ ក្រៅពីការរៀនសូត្រ ព្រះអង្គនៅទាំងប្រតិបត្តិម៉ឺងម៉ាត់ធម៌អាថ៍វិន័យទៀតផង។ នៅពេលបានសួរអំពីទិសដៅទៅអនាគត ព្រះអង្គ ប្តេជ្ញាថានឹងបូជាជីវិតចំពោះព្រះពុទ្ធសាសនា ពី ព្រោះអ្វីៗក្នុងគ្រួសារ និងកូនៗ បានរៀបការរួចរាល់ ហើយ ចាត់ទុកថាព្រះអង្គបានបញ្ចប់ភារកិច្ចជា ឪពុកចំពោះកូន។ សង្ឃឹមថាជាមួយនឹងសមិទ្ធផល និងការខិតខំប្រឹងប្រែងរបស់ព្រះអង្គ នឹងក្លាយជាគំរូល្អសម្រាប់ព្រះសង្ឃទាំងឡាយ សមណសិស្ស និងសិស្សដទៃទៀតរៀនសូត្រ និងយកតម្រាប់ តាម៕ អត្ថបទ-រូបថត៖ ថារ៉ា