កាលពីថ្ងៃទី ១៨ មីនា សមាគមជំរុញការសិក្សាខេត្តចាត់តាំងពិធីជួបជុំ អំណរគុណកងជួរកម្មាភិបាលបំពេញការងារជំរុញការសិក្សា ជំរុញបញ្ញា និងសប្បុរសជនគ្រប់ជំនាន់។ អញ្ជើញចូលរួមមានលោកឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ប្រធានគណៈចង្អុលការកសាងសង្គមសិក្សាខេត្តត្រាវិញ អ្នកស្រី ង្វៀងធីបាច់វ៉ឹង នាយិកាមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តត្រាវិញ អ្នកស្រីង្វៀងធីខា ប្រធានសមាគមជំរុញការសិក្សាខេត្តត្រាវិញ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកខេត្តមួយចំនួន។
ពិធីជួបជុំ អំណរគុណកងជួរកម្មាភិបាលបំពេញការងារជំរុញការសិក្សា។
ថ្លែងយោបល់ក្នុងពិធីជួបជុំនេះ អ្នកស្រីង្វៀងធីខា ប្រធានសមាគមជំរុញការសិក្សាខេត្តត្រាវិញបានឲ្យដឹងថា៖ អស់រយៈកាលជាង ២០ ឆ្នាំដែលបានបង្កើត សមាគមជំរុញការសិក្សាខេត្តមានវិធីសាស្រ្តជាច្រើនក្នុងការកសាង ពង្រឹងអង្គការចាត់តាំងសមាគម និងពង្រីកសមាជិក។ គិតមកទល់ពេលនេះ ស្រុក ក្រុងទីផ្សាររួមខេត្ត ទីក្រុង ឃុំ សង្កាត់ ទីប្រជុំជនក្នុងខេត្តសុទ្ធសឹងបង្កើតបានអង្គការចាត់តាំងសមាគម ដោយមានសមាជិកជាង ២៤២ ពាន់នាក់ ស្រូបយកអត្រា ២៣,៤៨% នៃប្រជាជនរួមក្នុងខេត្ត។ ទន្ទឹមនឹងនោះ នៅមានសមាគមជំរុញការសិក្សាតាមសាលារៀនចំនួន ០៩ សមាគម គណៈជំរុញការសិក្សា ៧១៣ កន្លែង សាខាសមាគមជាង ១.១៤០ កន្លែង ក្រុមជំរុញការសិក្សាជាង ៩.១០០ ក្រុម។ សមាគមជំរុញការសិក្សាខេត្តធ្វើបង្គោលស្នឹងក្នុងការចលនាបណ្តាអង្គការចាត់តាំងសមាគម អាជីវកម្ម និងសប្បុរសជនចូលរួមអនុវត្តល្អការងារជំរុញការសិក្សា ជំរុញបញ្ញា ជូនអាហារូបករណ៍ រាប់ពាន់ចំណែក ទោចក្រយាន សិក្ខូបករណ៍ដល់សិស្សដែលមានស្ថានភាពលំបាក ក៏ដូចជាឧបត្ថម្ភលំនៅឋានដល់គ្រួសារសិស្សក្រីក្រគិតជាតម្លៃរាប់ពាន់លានដុង។
សម្រេចបានលទ្ធផលនោះអាស្រ័យមានការយកចិត្តទុកដាក់ដឹកនាំរបស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខេត្ត បណ្តាផ្នែកគ្រប់លំដាប់ថ្នាក់ ក្នុងនោះមានការរួមចំណែកយ៉ាងច្រើនរបស់កងជួរកម្មាភិបាលដែលបំពេញការងារជំរុញការសិក្សា ជំរុញបញ្ញាតាំងពីថ្នាក់ខេត្តដល់មូលដ្ឋាន និងសប្បុរសជនទាំងក្នុងនិងក្រៅខេត្ត៕
ង៉ុកហុង-សុជា