កាលពីថ្ងៃទី ២៥ ខែមករាឆ្នាំ ២០២១ ការិយាល័យនៃគណៈកម្មាធិការបក្សខេត្តចេញសេចក្តីប្រកាសសេចក្តីសន្និដ្ឋានរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត នាសន្និបាតគណៈកម្មាធិការបក្សខេត្ត លើកទី ៣ (អាណត្តិកាលទី ១១)។ បន្ទាប់មក ថ្ងៃទី ២៨ ខែមករាឆ្នាំ ២០២១ គណៈកម្មាធិកាប្រជាជនខេត្តចេញផ្សាយសារលិខិតលេខ ៣៤៩/UBDN-THNV “ស្តីពីការអនុវត្តន៍សេចក្តីសន្និដ្ឋានរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត”។
ខ្លឹមសារមួយក្នុងបណ្តាខ្លឹមសារនៃសារលិខិតបានបញ្ជាក់៖ ប្រមុខបណ្តាមន្ទីរ គណៈ ផ្នែក ប្រធានគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងគប្បីបង្កើនការអនុវត្តន៍ម៉ឹងម៉ាត់បណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ បំផុតគឺមុខសញ្ញាក្រៅខេត្តវិលត្រឡប់មកមូលដ្ឋានក្នុងឱកាសបុណ្យតេត។ ដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគដែរ នៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២១ មន្ទីរអប់រំ និងបណ្តុះបណ្តាលបានចេញផ្សាយសារលិខិតលេខ ១៨៧/SGDĐT-VP “ស្តីពីឱ្យកុមារពន្លក សិស្ស សិក្ខាកាមសម្រាករៀនដើម្បីបង្ការ ទប់ស្កាត់ អាសន្នរោគកូវីដ-១៩” ផ្ញើជូនបណ្តាសាលារៀន មូលដ្ឋានអប់រំលើភូមិសាស្រ្តខេត្ត។ តាមរយៈនោះ កុមារពន្លក សិស្សានុសិស្ស និងសិក្ខាកាមអប់រំអចិន្រ្តៃយ៍លើភូមិសាស្រ្ត (រាប់ទាំងបណ្តាមូលដ្ឋានអប់រំឯកជន) បានសម្រាក រៀនចាប់ពីថ្ងៃទី ០៤ ខែកុម្ភៈឆ្នាំ ២០២១ ដល់អស់ ថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ ២០២១។
ដើម្បីជ្រោមជ្រែងចូលរួមបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ដែលកំពុងរាតត្បាតយ៉ាងស្មុគស្មាញនៅតាមខេត្ត ទីក្រុងមួយចំនួន ការចាត់តាំងពិធីបុណ្យមួយចំនួននៅតាមវត្តអារាមផ្នែកព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរបានព្រះចៅអធិការនៃវត្តមួយចំនួនយល់ព្រមផ្អាកចាត់តាំង។
ទិដ្ឋភាពព្រះវិហារវត្តគិរីសុវណ្ណ(ចុងមីសចាស់)។
ព្រះតេជគុណថាច់រ៉ីយ៍ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាងមានថេរដីកាឱ្យដឹងថា៖ យល់ឃើញថាវត្តគិរីសុវណ្ណ(ចុងមីសចាស់) ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង ជួបការលំបាក អាត្មាស្ម័គ្រចិត្តនិមន្តមករួមជាមួយវត្តទទួលបន្ទុកចលនាពុទ្ធបរិស័ទកសាងសំណង់ព្រះវិហារ និងសំណង់មួយចំនួនទៀតក្នុងផ្ទៃវត្ត។ គិតមកទល់ពេលនេះ សំណង់ទាំងនោះបានកសាងសម្រេចរួចរាល់ តាមការឯកភាពរវាងព្រះសង្ឃ និងគណៈអារាមាភិបាលនោះ នៅតែប៉ុន្មានថ្ងៃទៀតគឺដល់ថ្ងៃចាត់តាំងបុណ្យបញ្ចុះខណ្ឌសីមា។ ប៉ុន្តែដោយយល់ឃើញអាសន្នរោគកាន់តែរីករាលដាលនៅកន្លែងជាច្រើន បើសិនចាត់តាំងបុណ្យបញ្ចុះខណ្ឌសីមានឹងទាក់ទាញមនុស្សជាច្រើនចូលរួមអាចធ្វើឱ្យប៉ះពាល់ដល់ការងារបង្ការទប់ស្កាត់អាសន្នរោគ។ អាស្រ័យហេតុនោះ មុននេះជាង ១០ ថ្ងៃ អាត្មាបានជម្រាបដល់ផ្នែកពាក់ព័ន្ធសុំផ្អាកការចាត់តាំងដើម្បីបំផុសចលនាពុទ្ធបរិស័ទនិយាយដោយឡែកអនុវត្តល្អបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគ ក្នុងនោះមានការអនុវត្តន៍ល្អសារផ្លូវការ៥K របស់ក្រសួងសុខាភិបាលដើម្បីរក្សាសុខភាពជាអហង្ការសម្រាប់ខ្លួន។
បុណ្យទានអ្វីមិនដឹង ប៉ុន្តែចំពោះបុណ្យបញ្ចុះខណ្ឌសីមានោះទាក់ទាញមនុស្សយ៉ាងច្រើនចូលរួម សូម្បីតែភ្ញៀវដែលគ្មានចាក់សំបុត្រអញ្ជើញក៏មានបំណងចង់ចូលរួមដើម្បីប្រាថ្នាយកកុសលផលបុណ្យ។ អាស្រ័យហេតុនោះ ព្រះតេជគុណមានថេរដីកាឱ្យដឹងបន្ថែមទៀតថា៖ កាលពីមុនត្រៀមបម្រុងចាត់តាំងពិធីបុណ្យបញ្ចុះខណ្ឌសីមា រយៈពេលកន្លង អាត្មាក៏ចាក់សំបុត្រអញ្ជើញពុទ្ធបរិស័ទជិតឆ្ងាយ ពីព្រោះគិតថាអាសន្នរោគគ្មាននៅតទៅទៀត។ ចៃដន្យអី បច្ចុប្បន្នកើតមានជាថ្មី និងមាននិន្នាការកាន់តែស្មុគស្មាញជាង។ ហេតុនោះ ពេលឯកភាពផ្អាកការចាត់តាំង អាត្មាក៏ប្រកាសដល់ពុទ្ធបរិស័ទបានជ្រាប ជំរុញទឹកចិត្តឱ្យញាតិញោមពុទ្ធបរិស័ទរួមដៃជាមួយបណ្តាផ្នែកគ្រប់លំដាប់ថ្នាក់ដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគ។
នៅវត្តនាគវនារាម(ខ្ទឹង) សង្កាត់លេខ ៧ ទីក្រុងត្រាវិញបម្រុងចាត់តាំងបុណ្យសម្ពោធឧបោសថាគារដែលបានជួសជុលរួចរាល់។ បើសិនគ្មានអ្វីប្រែប្រួល ក្នុងរយៈពេល ៣ ថ្ងៃ គឺនៅថ្ងៃ ២, ៣ និង ៤កើតខែផល្គុន ឆ្នាំជូតទោស័កនឹងចាត់តាំងពិធីបុណ្យសម្ពោធឧបោសថាគារ។ ក្នុងនោះមាននិមន្តព្រះសង្ឃចំនួន ១.០០០ អង្គធ្វើពិធីដាក់បាត្រ។ ប៉ុន្តែដល់ពេលអាសន្នរោគរាតត្បាតស្មុគស្មាញ បច្ចុប្បន្នវត្តផ្អាកចាត់តាំងវិញ។ ដូច្នេះការផ្អាកចាត់តាំងបុណ្យសម្ពោធឧបោសថាគាររបស់វត្តខ្ទឹង គឺជាការផ្អាកលើកទីពីរ លើកទី ១ បានបម្រុងចាត់តាំងនៅខែមេសាឆ្នាំ ២០២០)។
ក្នុងបណ្តាខែផល្គុន ចេត្រជារៀងរាល់ឆ្នាំ វត្តជាច្រើនឆ្លៀតចាត់តាំងពិធីបុណ្យសម្ពោធបណ្តាសំណង់ និងបណ្តាពិធីបុណ្យទានដទៃទៀតទាក់ទងដល់ជំនឿព្រះពុទ្ធសាសនា ប្រពៃណីទំនៀមទម្លាប់របស់ជនជាតិ។ ទោះជាដូច្នោះក៏ដោយ ក្នុងពេលអាសន្នរោគកើតឡើងជាថ្មីនៅខេត្ត ក្រុងជាច្រើន និងដើម្បីបង្ការការឆ្លងរាលដាល បណ្តាវត្តក៏ផ្អាកចាត់តាំងដែរ។
ទាក់ទងដល់ការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ បណ្តាមូលដ្ឋានក្នុងខេត្តក៏បង្កើនការងារផ្សព្វផ្សាយ បំផុសចលនាប្រជាជនអនុវត្តតាមការក្រើនព្រមានរបស់ផ្នែកសុខាភិបាល៕
អត្ថបទ-រូបថត៖ សម្បត្តិ