បច្ចុប្បន្ន ជំងឺរលាកដុំពកស្បែកលើសត្វគោ ក្របីមិនទាន់មានថ្នាំព្យាបាលនៅឡើយ ម៉្លោះហើយ ការចាក់វ៉ាក់សាំងបង្ការជំងឺជាវិធានការប្រសើរបំផុត។ ដូច្នោះហើយ ក្នុងបណ្ដាថ្ងៃកន្លង ដំណាក់ចិញ្ចឹម និងបសុពេទ្យស្រុកទីវកឹងសហការជាមួយរដ្ឋអំណាចមូលដ្ឋានចាត់តាំងចាក់វ៉ាក់សាំងបង្ការជំងឺដោយឥតគិតថ្លៃឲ្យហ្វូងគោ ក្របីលើភូមិសាស្រ្តស្រុក។
តាមតួលេខស្ថិតិ ហ្វូងគោ ក្របីរបស់បណ្ដាឃុំ ទីប្រជុំជនលើភូមិសាស្រ្តស្រុកបច្ចុប្បន្នមាន ២១.៩៧៥ ក្បាល របស់គ្រួសារអ្នកចិញ្ចឹម ៥.៧៨១ គ្រួ។ តាមផែនការគ្រោងទុក គឺចាក់វ៉ាក់សាំងបង្ការជំងឺឲ្យគោ ក្របីចំនួន ១៩. ៧៧៩ ក្បាល ពេលវេលាអនុវត្ត ៦៥ ថ្ងៃ។ កងកម្លាំងចូលរួមចាក់វ៉ាក់សាំងរួមមាននិយោជិតដំណាក់ចិញ្ចឹម និងពេទ្យសត្វ កម្មាភិបាលកសិកម្មឃុំ និងពេទ្យសត្វនៅមូលដ្ឋាន។
ដើម្បីអនុវត្តព្រមៗគ្នាបណ្ដាវិធានការបង្ការ កម្ចាត់ជំងឺរលាកដុំពកស្បែកកុំឲ្យជំងឺឆ្លងរាលដាលពាសពេញលើភូមិសាស្រ្តស្រុក កន្លងហើយ ការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកបានជំរុញមាំការងារផ្សព្វផ្សាយដល់អ្នកចិញ្ចឹមសត្វឲ្យដឹងអំពីរោគសញ្ញា និងការគ្រោះថ្នាក់របស់ជំងឺរលាកដុំពកស្បែកដើម្បីរកឃើញរួចរបាយការណ៍ទាន់ពេលដល់រដ្ឋអំណាចមូលដ្ឋាន ស្ថាប័នជំនាញ ទន្ទឹមនឹងនោះ ណែនាំអ្នកចិញ្ចឹមឲ្យអនុវត្តបណ្ដាវិធានការថែទាំ បង្ការជំងឺឲ្យគោ ក្របី។
លោកមាថាច់រ៉េត គ្រួសារចិញ្ចឹមគោនៅភូមិអូរត្រាវ ឃុំហីវទឺឲ្យដឹងថា៖ គ្រួសារខ្ញុំចិញ្ចឹមគោ ១០ ក្បាល។ តាមរយៈការតាមដានព័ត៌មានលើមធ្យោបាយព័ត៌មានមហាជន ជំងឺរលាកដុំពកស្បែកលើសត្វគោ ក្របីបានកើតឡើងនៅភូមិសាស្រ្តបណ្ដាស្រុក៖ ថ្កូវ យ្វៀងហាយ កូវង៉ាង និងចូវថាញ់។ នេះជាប្រភេទជំងឺថ្មីកើតនៅលើភូមិសាស្រ្តខេត្តយើង ហើយមានល្បឿនឆ្លងរាលដាលយ៉ាងរហ័ស បង្កឲ្យអន្តរាយធំធេងអំពីសេដ្ឋកិច្ច ម៉្លោះហើយ ខ្ញុំបារម្ភយ៉ាងខ្លាំង ពីព្រោះប្រភពចំណូលសំខាន់របស់គ្រួសារខ្ញុំពឹងទៅលើការធ្វើស្រែ និងចិញ្ចឹមគោ។ អាស្រ័យហេតុនោះ ខ្ញុំបានម្ចាស់ការអនុវត្តបណ្ដាវិធានការបង្ការជំងឺតាមការណែនាំរបស់ការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុក តាមប្រព័ន្ធឧគ្ឃោសនស័ព្ទផ្សាយសំឡេងដើម្បីការពារសត្វចិញ្ចឹម។ ពេលទទួលបានដំណឹងពីគណៈកម្មាធិការប្រជាជនឃុំហ៊ីវទឺកំពុងផ្សព្វផ្សាយ ចលនាចាក់វ៉ាក់សាំងបង្ការជំងឺដោយឥតគិតថ្លៃមិនចំពោះតែគ្រួសារខ្ញុំ គ្រួសារដទៃក៏រីករាយដែរ។ បច្ចុប្បន្ន គោទាំង ១០ ក្បាលរបស់ខ្ញុំបានចាក់វ៉ាក់សាំងបង្ការជំងឺរួច ខ្ញុំស្ងប់ចិត្តណាស់។
លោកស្រីឡេធីគីមណឿង ប្រធានដំណាក់ចិញ្ចឹម និងពេទ្យសត្វស្រុកទីវកឹងឲ្យដឹងថា៖ មុនពេលស្រុកមានផែនការចាក់វ៉ាក់សាំងបង្ការ ជំងឺដោយឥតគិតថ្លៃ ដំណាក់បានសហការជាមួយបណ្ដាឃុំ ទីប្រជុំជនផ្សព្វផ្សាយ ចលនា បណ្ដាគ្រួសារអ្នកចិញ្ចឹមឲ្យម្ចាស់ការចាក់វ៉ាក់សាំងបង្ការជំងឺដល់គោ ក្របីបាន ៦.៨៨១ ក្បាល។ បច្ចុប្បន្ន ដំណាក់ចិញ្ចឹម និងពេទ្យសត្វស្រុកទទួលវ៉ាក់សាំងបាន ៥.០០០ ម្ជុល ពីសាខានាយកដ្ឋានចិញ្ចឹម និងពេទ្យសត្វខេត្តផ្ដល់ជូនដល់ ១១/១១ ឃុំ ទីប្រជុំជន ក្នុងរយៈពេល ០៣ ថ្ងៃ ចាក់វ៉ាក់សាំងឲ្យគោបាន ២.៥៤៩ ក្បាល កើនតួលេខមកទល់ពេលនេះ មានគោចំនួន ៩.៤៣០ ក្បាលបានចាក់ថ្នាំបង្ការជំងឺរលាកដុំពកស្បែក។ ក្នុងនោះ អ្នកចិញ្ចឹមចាក់ដោយខ្លួនឯងបាន ៦.៨៨១ ក្បាល។ បច្ចុប្បន្ន កងកម្លាំងពេទ្យសត្វបន្តចាក់ចំនួនវ៉ាក់សាំងដែលនៅសល់៕
ប្រែសម្រួល៖ ថាច់ហ្វាង