ត្រាវិញជាទីក្រុងបៃតងមួយដ៏ល្អប្រណីតនៅតំបន់វាលរាបទន្លេគឺវឡុង។ភ្ញៀវទេសចរក្នុងឬក្រៅប្រទេសណាក៏ដោយអោយតែចូលមកកាន់ទីឋានត្រាវិញម្តង គេតែងលាន់មាត់សរសើរមិនដាច់ពីមាត់ឡើយ។ កណ្តាលទីក្រុងគឺជាប្រភេទកាល្បព្រឹក្សធំៗអាយុកាលសុទ្ធតែជាងរយឆ្នាំ មានគគីរ ឈើទាល...។ ទំហំដើមនីមួយៗពីរបីនាក់អោបមិនជុំ។ តាម សងខាងដងវិថីនានាឈើដុះត្រង់ជាជួរខ្ពស់ត្រដែតបែកមែកត្រសុំត្រសាយចោលម្លប់ត្រឈឹងត្រឈៃគួរជាទីមនោរម្យ។
បើចេញផុតពីទីក្រុងត្រាវិញ ធ្វើដំណើរតាមដងផ្លូវភ្លោះនៃផ្លូវជាតិលេខ៥៣ ឆ្ពោះទៅទីក្រុងហូជីមិញប្រមាណ៧គីឡូម៉ែត្រ។ ផុតពីមជ្ឈមណ្ឌលវប្បធម៌ខេត្តភ្លាមគេនឹងជួបប្រទះវត្តខ្មែរមួយដែលមានអាយុកាលដ៏ចំណាស់ទី២ក្នុងចំណោមវត្ត១៤៣ក្នុងខេត្ត នោះគឺវត្ត«កោះកែវសិរី»។ វត្តនេះស្ថិតនៅអនុសង្កាត់លេខ៦សង្កាត់លេខ៨ក្បែរស្ពានមួយដែលអ្នកស្រុកធ្លាប់ហៅថា «ស្ពានជើងកោះ»។
វត្តនេះ បានចាប់ផ្តើមកសាងឡើងនៅគ.ស៦១៣ ក្នុងសតវត្សរ៍ទី៧។បុព្វហេតុដែលវត្តមាននាមថា កោះកែវសិរីនោះ គឺតាមថេរដីកានៃព្រះចៅអធិការមួយអន្លើដោយគណ:អារាមាភិបាលវត្តចាស់ៗមួយចំនួន ពួកគាត់បាននិទានតៗ
គ្នាជាច្រើនជំនាន់មកហើយ ជាប់ទាក់ទងនឹងពាក្យថា«កោះ»នោះ មានអត្ថន័យយ៉ាងសមស្របគួរកត់សំគាល់។ ពាក្យថា«កោះ» តាមភាសាខ្មែរចាត់ជាពាក្យពហុន័យមួយគឺ៖ ទី១កោះជាកិរិយាសព្ទមានន័យថាកោះហៅ ឧទាហរហ៍ដូច ល្បះថា ឆ្កែកោះអណ្តើកឬយកស្ករទៅកោះទឹកកុំអោយស្រមោចរោម...។ ទី២កោះជានាមសព្ទមានន័យថាអវយវ:ក្នុងពោះបក្សីដូចកោះមាន់ កោះទា...។ ទី៣កោះជានាមសព្ទមានន័យថាទីដីទួលខ្ពស់មួយឬភ្នំមួយដែលមានទឹកទន្លេទឹកសមុទ្រព័ទ្ធជុំវិញក៏ហៅថាកោះដែរ។ ដូច្នេះកោះនៅតំបន់ត្រាវិញយើងគ្មានភ្នំឡើយគឺសំដៅយកនាមតាមទីដីទួលខ្ពស់ដុះឡើងមុន។ តាមបុរាណាចារ្យគាត់បានអោយដឹងថាតំបន់នេះពីយូរយារណាស់មកហើយមានដំបូកកោះដល់ទៅ៥ឯណោះដែលនៅក្បែរៗគ្នា។ ដំបូកកោះទី១ហៅថាកោះគោកគឺកន្លែងវត្តកោះនេះតែម្តង។ ដំបូកកោះទី២គឺហៅថាកោះអ្នកតាអង្គរ។ ដំបូកកោះទី៣ហៅថាកោះអ្នកតាដំបូក។ ដំបូកកោះទី៤ ហៅថាអ្នកតាប្រាំពីរ។ ដំបូកកោះទី៥ហៅថាអ្នកតាមោក្ខ។ តាមការនិទានកោះគោកគឺ តានាមកែតមានមុខមុនគេ។
ព្រះចៅអធិការដែលកសាងវត្តកោះដំបូងបង្អស់មានព្រះនាមថា«យោគ»។រីឯញោមវត្តវិញមាននាមថា«កែវ»។ ហេតុនេះ ប្រហែលជាតាកែវគាត់ជាអ្នកមានស្នាដៃដ៏ធំធេងប្រគេនដីធ្លីឬជួយស្ថាបនាវត្តអារាម បានជាយកនាមថា
«កោះកែវ» រីឯភ្ជាប់នឹងពាក្យ«សិរី» មានន័យថាស្រីសួស្តី សេចក្តីសុខ សេចក្តីចំរើន។ ចាប់តាំងពីកសាងវត្តរហូតមកទល់បច្ចុប្បន្ន វត្តនេះមានព្រះចៅអធិការដល់ទៅ៣៦ជំនាន់ទៅហើយ។
វត្តនេះ មានផ្ទៃដីធំទូលាយប្រមាណជាង៣ហិកតា។ ទីធ្លាវត្តមានព្រះវិហារ កុដិ សាលារៀន ជាពិសេសនៅមានឧបដ្ឋានសាលារតមួយខ្នងសង់តាមក្បូរក្បាច់ពីបុរាណ។ ខាងកើតព្រះវិហារមានចេតិយមួយដែលបញ្ចុះព្រះអដ្ឋិធាតុ
នៃព្រះតេជគុណជាព្រះចៅអធិការដែលបានកសាងវត្តដំបូងគេបង្អស់។ខាងត្បូងព្រះវិហារ រុក្ខជាតិតូចធំប្រណាំងគ្នាដុះឡើងខ្ពស់ត្រដែត។ បក្សាបក្សីមកជ្រកកោននៅទីដ៏សុខសាន្តនេះ។ ពីដើម វត្តនេះជាទីប្រជុំនៃពុទ្ធបរិស័ទគ្រប់ទិសទីនៃកោះទាំង៥ដែលបានពោលរួច។ ប៉ុន្តែខាងក្រោយមក នៅក្បែរវត្តកោះនេះ បានកសាងវត្តជាច្រើនទៀតដូច វត្តអង្គររាជបូរី វត្តកំពង់ថ្មទ័ព វត្តគោក...។ ដូច្នេះពុទ្ធបរិស័ទចែករំលែកគ្នានិយមទៅវត្តណាដែលនៅជិតភូមិកំណើតខ្លួនរស់នៅ។ រហូតមកដល់សព្វថ្ងៃ ចំនួនពុទ្ធបរិស័ទចំណុះជើងវត្តមានចំតិចតួចណាស់។ ទោះជាចំណុះជើងវត្តតូចក៏ដោយប៉ុន្តែព្រះចៅអធិការនិងបរិស័ទទាំងឡាយមានការឧបត្ថម្ភគាំទ្រសមណ:សិស្សនិងសិស្សដែលបាននិមន្តនិងអញ្ជើញមកសិក្សារៀនសូត្រយ៉ាងពេញទំហឹង។ ឆ្នាំណាក៏ដូចឆ្នាំណា វត្តតែងបើកសាលារៀនសម្រាប់ព្រះសង្ឃនិងកុមារាកុមារីដើម្បីក្រេបជញ្ជក់យកនូវ
ចំណេះដឹងប្រកបដោយជោគជ័យ។ កាលខ្ញុំនៅជាសមណ:សិស្ស ក៏ធ្លាប់បានមករៀនអក្សរសាស្រ្តខ្មែរនៅវត្តនេះផងដែរ។
បើគិតពីឆ្នាំ១៩៧៥មកទល់បច្ចុប្បន្ន វត្តបានចូលរួមវិស័យអប់រំ ក្នុងការអប់រំបណ្តុះបណ្តាលខាងភាសាបាលីខ្មែរជូនដល់ជនរួមជាតិខ្មែរយើង ខ្លះក្លាយខ្លួនជាបញ្ញវ័ន្ត ខ្លះជាគ្រូបង្រៀន ខ្លះជាបុគ្គលិករដ្ឋ...ច្រើនកុះករដើម្បីរួមចំណែកកសាងប្រទេសជាតិមាតុភូមិវៀតណាមយើងមួយថ្ងៃអោយកាន់តែមានភាពអភិវឌ្ឍន៍ជាលំដាប់៕ ថាច់ដើយ