តាមវចនានុក្រមខ្មែរ ពាក្យ៖ «អប្សរា» មានន័យថា ស្ត្រីមានសម្បុរថ្លាស្រស់ផូរផង់ ឬស្ត្រីមានមុខថ្លាស្រស់បំព្រង។ ស្ត្រីសួគ៌ ស្រីអប្សរ ស្រីទេពអប្សរ។
តាមទំនៀមទម្លាប់ប្រពៃណីនៃជនជាតិខ្មែរ យើងបានកំណត់យករូបសំណាកទេពអប្សរ ធ្វើតំណាងវប្បធម៌។ រូបស្រីទេពអប្សរដែលគេឃើញច្រើនបំផុត គឺនៅតាមជញ្ជាំងប្រាសាទអង្គរវត្ត សិប្បករ បានឆ្លាក់ពីថ្មភ្នំថ្មភក់។ ជាពិសេសពេលភ្ញៀវទេសចរបានធ្វើដំណើរចូលទៅទស្សនាអង្គរ ម្ដងៗគេមានការជំនឿថា បើបានយកដៃទៅប៉ះសុដន់រូបអប្សរានឹងទទួលបាននូវសិរីសួស្ដីមានលាភមានជ័យ...។ យល់ដូច្នោះ ភ្ញៀវទេសចរជឿដាច់ថ្លៃ ហើយគេក៏យកម្រាមដៃទាំងប្រាំទៅប៉ះសុដន់រូបអប្សរា ក្នុងមួយថ្ងៃៗ រាប់ពាន់បាតដៃ។ ការស្ទាបច្បូតអង្អែល ជាញឹកញយធ្វើអោយសុដន់ទាំងគូនៃ នាងអប្សរាទាំងអប្បាលម៉ានរលើបរលង់ និងស្ដើងទៅៗ។
ក្រោយមក គណៈគ្រប់គ្រងប្រាសាទអង្គរបាន ចេញបម្រាមមិនអោយជនានុជន ផងទាំងឡាយ យកដៃទៅប៉ះដូច្នោះតទៅទៀត។ ពីព្រោះយកដៃទៅប៉ះដូច្នោះ នាំអោយជះឥទ្ធិពលអាក្រក់ធ្វើអោយ ថ្មពុករេចរិល។ ពីព្រោះ គេបានយល់ឃើញ ថាដៃរបស់មនុស្សយើងសើមដោយញើសមានជាតិប្រៃ។ បើយើងនាំគ្នាប៉ះដូច្នោះយូរទៅៗរូបអប្សរានឹងពុករេចរិល ហិនហោច ជាពុំខាន។
ក្រៅពីផ្ទាំងសិលានៅអង្គរវត្ត គេតែងឃើញរូបចម្លាក់អប្សរាធ្វើអំពីឈើឬថ្មភ្នំជាច្រើនទៀត ដែលបានគេតម្កល់ទុកនៅទីសាធារណៈមានវត្តអារាមស្ថាប័នឬគេហដ្ឋាននានាទៀតផង។ សិប្បករបានជ្រើសយកកំណាត់ឈើល្អៗរួចកែច្នៃឆ្លាក់ ជារូបអប្សរាធំតូចគ្រប់ប្រភេទរួចលាបពណ៌ដ៏ល្អស្អាត។ ខ្លះឆ្លាក់ដោយថ្មភ្នំពណ៌ស ខ្លះពណ៌បៃតង រំលីងរំលេចរលើបរលោងហើយបានដាក់លក់នៅពាសពេញទីផ្សារ។
ជាពិសេសគេពុំដែលឃើញស្រីអប្សរា បានម្ដងណាឡើយតែគេតែងយកពាក្យ អប្សរាដើម្បីប្រៀបធៀបចំពោះអ្នកនាងកញ្ញាដែលមានរូបឆោមល្អឯក។ លក្ខណៈនៃរូបអប្សរាគឺ អ្នកដំណើរបានជាវនូវវណ្ណកម្មទាំងនេះយកទៅតម្កល់នៅតាមគេហដ្ឋាន វត្តអារាមឬទីសាធារណៈនានា។ គេមើលរូបអប្សរាដូចដួងព្រលឹងអត្តសញ្ញាណវប្បធម៌ជាទ្រព្យសម្បត្តិមួយដ៏វិសេសវិសាលរបស់ជនជាតិ។
ក្រៅពីរូបចម្លាក់នានា សិល្បៈករបានបង្កើតទៅជារបាំមួយ។ នាដការិនីផងទាំងឡាយតុបតែងកាយាដ៏ស្រស់បំព្រង កាច់ក្បាច់ទន់ភ្លន់ ដែលធ្វើអោយទស្សនិកជនយើងនរណាក៏ជក់ចិត្តទស្សនា ។ តាមរឿងទេវកថាបានដំណាលថា៖ អប្សរាបានកើត មានឡើងអំពីពពុះទឹកដោះកាល ដែលពួកទេវតា និងពួកយក្សទាញភ្នំចម្រាញ់ ក្នុងសមុទ្រទឹកដោះយកទឹកអម្រឹតមកផឹកដើម្បីមានជីវិតអមតៈ។ កាលណាពពុះមួយបែក គឺមាននាងអប្សរាមួយកើតចេញមកភ្លាម ថែមទាំង មានអាយុ១៦ភ្លាមទៀតផង។ រង្វង់អាយុនោះហើយជាអាយុវ័យក្រមុំដែលពេញរូបពេញរាង។ នាងក៏ហោះហើរទៅលើមេឃភ្លាម។ អប្សរាមិន ចេះចាស់ឥតស្លាប់ ហើយនៅតែអាយុ ១៦ ឆ្នាំ រហូត នៅតែក្រមុំមានព្រហ្មចារីជានិច្ច។
ការផុសចេញវត្ថុសក្ដិសិទ្ធជាលើកទី ៥ គឺផុសចេញទឹកអម្រឹតបាញ់ចេញចំពួកយក្ស។ ពួកយក្សបម្រុងផឹក ស្រាប់តែផុស ចេញពួកទេពអប្សរ រាប់ម៉ឺនអង្គពាសពេញលំហអាកាស។ ព្រះវិស្ណុកាឡាខ្លួនជាទេពអប្សរហោះទៅអោយពួកអប្សរ ទាំងនោះរេរាំដើម្បីអោយពួកយក្សបើកភ្នែកស្លឹង ភ្លេចគិតពីទឹកអម្រឹត។
ព្រះវិស្ណុបានកាឡាខ្លួនជាព្រះពាយឆក់យក ទឹកអម្រឹតមកអោយទេវតាវិញដើម្បីអោយមានជីវិតជាអមតៈ។ ពេលនោះ យក្សឈ្មោះរាហូអសុរិន្ទជាកូនស្ដេចយក្ស វេបចិត្តិអសុរិន្ទនិងនាងសិង្ហិកាបាន លួចក្បង់ទឹកអម្រឹតផឹក។ ព្រះចន្ទនិងព្រះ អាទិត្យ ឃើញទាន់ក៏ប្រាប់ព្រះវិស្ណុ។ ភ្លាមនោះ ព្រះវិស្ណុចោលកងចក្រដាច់ខ្លួនរាហូអសុរិន្ទ នៅសល់តែក្បាលនិងដៃពីរ។
រាហូអសុរិន្ទមានជីវិតអមតៈដោយសារបានផឹក ទឹកអម្រឹតហើយហោះហើរពាសពេញអាកាស។ រាហូខឹងនឹងព្រះចន្ទ និងព្រះអាទិត្យណាស់។ រាហូគិតថា ពេលណាមួយមានឱកាសល្អនឹងសងសឹក ចំពោះអាទិទេពទាំងពីរនេះឯង។ ចំណែកស្រីទេពអប្សរទាំងអស់ត្រូវបានប្រគល់ទៅអោយព្រះឥន្រ្ទទុកធ្វើជាស្រីរបាំនៅស្ថានសួគ៌ាចាប់តាំងពីពេលនោះមកហោង៕ រតនា