ឆ្នាំដំបូងអនុវត្តកម្មវិធីអប់រំសកលថ្មី មកទល់ពេលនេះ សិស្សថ្នាក់ទី ១ បានឆ្លងកាត់វគ្គសិក្សាទី ១ អាស្រ័យរៀនតាមកម្មវិធីថ្មី ម៉្លោះហើយការពិនិត្យវាយតម្លៃក៏មានការផ្លាស់ប្ដូរថ្មី។ ក្រោយរៀនចប់វគ្គសិក្សាទី ១ បណ្ដាសាលាបានវាយតម្លៃលទ្ធភាពរបស់ប្អូនៗ បន្តអនុវត្តការសហការរវាងសាលារៀន គ្រូបង្រៀន ឪពុកម្ដាយសិស្សក្នុងការអប់រំប្អូនៗ។
បងហ្វិញធីធ្វីបង្ហាត់មេរៀនឲ្យប្អូនហូខាយហា។ រូបថត៖ ង៉ុកស្វង
ឪពុកម្ដាយស្ទើតែទាំងអស់តែងយកចិត្តទុកដាក់ដល់ការសិក្សារបស់កូន បំផុតចំពោះក្មួយៗដែលទើបចូលរៀនថ្នាក់ទី ១ រួមដំណើរជាមួយកូនរៀនស្រះ ព្យញ្ជនៈ។ មានឱកាសសំណេះសំណាលជាមួយឪពុកម្ដាយដែលមាន កូនរៀននៅសាលាបឋមសិក្សាហ្វៀយហោយ (អា) ស្រុកកាងឡុង យើងខ្ញុំកត់សម្គាល់បាននូវការព្រួយបារម្ភរបស់ឪពុកម្ដាយសិស្សពេលកូនប្រឡងវគ្គសិក្សាទី ១។ បងស្រីវិញធីធ្វី នៅភូមិកិញ(បេ) ឃុំហ្វៀងហោយ ជាម្ដាយរបស់ប្អូនហូខាយហា សិក្សាថ្នាក់ទី ១/៥ បានឲ្យដឹង៖ ឆ្នាំនេះឮថារៀនតាមកម្មវិធីអប់រំសកលថ្មី ខ្ញុំតែងបារម្ភមិនដឹងតើកូនរៀនដូចម្ដេច។ កាលទើបចូលរៀនថ្នាក់ទី ១ ឃើញកូនក៏ឆ្លាត ចូលចិត្តរៀន ទៅសាលាស្ដាប់គ្រូពន្យល់មេរៀនល្អ មកផ្ទះរៀនដោយខ្លួនឯង ក្នុងផ្ទះទាំងមូលអ្នកណាក៏រីករាយ ខ្ញុំតាមដានកូនរៀនមេរៀនរៀងរាល់ថ្ងៃ។ ក្រោយរយៈពេលប្រមាណ ០២ ខែ មេរៀនក្នុងសៀវភៅពុម្ពវែងបង្គួរ មានពាក្យជាច្រើនពិបាក ម៉្លោះហើយខ្ញុំជួយកូនច្រើនជាង។ ចំណែកវិញ្ញាសាគណិតវិញមិនពិបាកពេក ភាគច្រើនគឺបូក សង បង់លេខចូល កំណត់សម្គាល់រាងមូល ចតុកោណស្មើ ត្រីកោណ រាប់រូប ម៉្លោះហើយក្មួយអាចធ្វើម្នាក់ឯងបាន។
ភាគច្រើនឪពុកម្ដាយសិស្សនៅជនបទប្រកបការងារតែស្រែចម្ការ ដណ្ដាំស្លរ ប៉ុន្តែតែងយកចិត្តទុកដាក់ដល់ការរៀនសូត្ររបស់កូន បង្រៀនកូនឲ្យរៀនតាមកម្មវិធីថ្នាក់ទី ១។ ថ្វីត្បិតដូច្នោះក្ដី អាស្រ័យកម្មវិធីថ្មីមេរៀនវែង ចំនួនអក្សរច្រើនជាង ម៉្លោះហើយពេលខ្លះក៏ឃើញកូនរៀនពិបាក។ បងស្រីកាវធីគីមឡង ម្ដាយរបស់ប្អូនឡេហ្វាងផាក រៀនរួមថ្នាក់ទី ១/៥ បានចែករំលែកបន្ថែម៖ ប្អូននៅសាលា ០២ ពេល ហើយពេលល្ងាចខ្ញុំអមកូនរៀនមេរៀនបន្ថែម មិនទុកឲ្យកូនភ្លេចអក្សរ។ ឃើញកូនរៀនល្អខ្ញុំក៏រីករាយ។ ថ្វីត្បិតដូច្នោះក្ដី មេរៀនខាងក្រោយនេះ វែងដល់ទៅពី ០៤-០៥ បន្ទាត់ ក្មួយត្រូវសរសេរ ០២ លើកទើបសម្រេចមេរៀនមួយ ហើយកូនត្អូញថាឈឺដៃណាស់ មិនអាចសរសេរតែមួយលើករួចស្រេចឡើយ។ រៀងរាល់ថ្ងៃជូននាំកូនទៅរៀន បានគ្រូអចិន្រ្តៃយ៍ក្រើនរំលឹក លើកទឹកចិត្តឲ្យទៅផ្ទះយកចិត្តទុកដាក់ក្រើនរំលឹកឲ្យកូនរៀនមេរៀនទៀងទាត់ ហើយបើរៀនថ្ងៃទៀតនោះកាន់តែប្រសើរ។
គ្រូង្វៀងវ៉ាំងស៊ើង គ្រូអចិន្រ្តៃយ៍ថ្នាក់ទី ១/៥ សាលាបឋមសិក្សាហ្វៀងហោយ(អា) បានឲ្យដឹង៖ កម្មវិធីថ្នាក់ទី ១ ឆ្នាំនេះ មានកន្លែងខ្លះធ្ងន់ធ្ងរជាងបើប្រៀបនឹងកាលពីមុន ក្នុងនោះមានមេរៀនជាច្រើនវែងបង្គួរបើប្រៀបជាមួយនឹងកម្លាំងប្អូនៗ ម៉្លោះហើយគប្បីមានការសហការរបស់ឪពុកម្ដាយសិស្សក្នុងការបង្ហាត់បង្រៀនតាមកម្មវិធីថ្មី។ ឆ្នាំនេះថ្នាក់ដែលខ្ញុំធ្វើអចិន្រ្តៃយ៍ ប្អូនៗសុទ្ធសឹងបានគ្រួសារយកចិត្តទុកដាក់រួមគ្នា ណែនាំ ជំរុញទឹកចិត្តឲ្យប្អូនៗរៀនបានល្អ ម៉្លោះហើយសិស្សក្នុងថ្នាក់ទាំងអស់រៀនស្មើបង្គួរ។
ចំណែកបងស្រីត្រឹងធីទ្រិញ ម្ដាយរបស់សិស្សវ៉ត្រឹងត្រឹមអាញ់ក៏រីករាយពេលសួរអំពីការរៀនសូត្ររបស់កូន ព្រោះបងមានកូន ០២ នាក់ទៅរៀន។ ក្រៅពីបានរៀននៅសាលាមកផ្ទះបានម្ដាយបង្រៀនបន្ថែម ត្រឹមអាញ់បានរៀនមេរៀនជាមួយបងស្រី បានបងស្រីណែនាំបន្ថែម ម៉្លោះហើយប្អូនតែងមានស្មារតីភ្ញាក់រលឹក។ បងត្រឹងធីទ្រិញឲ្យដឹងបន្ថែម៖ ក្រៅពីរៀនតាមកម្មវិធី ក្មួយនៅទាំងបានគ្រូលត់ដំសរសេរអក្សរល្អ ប្អូនចូលចិត្តណាស់។ ពេលរសៀលមកពីរៀន ហូបចុករួចស្រច ប្អូនយកមេរៀនចេញរៀនជាមួយ ពេលខ្លះភ្លេចអក្សរមួយចំនួន ប្អូនក៏សួរបងស្រីនិងម្ដាយភ្លាមដើម្បីអានមេរៀនឲ្យបានរលូនជាង។
គ្រូង្វៀងវ៉ាំងស៊ើងបានឲ្យដឹង៖ គោលដៅរបស់ថ្នាក់គឺជួយឲ្យសិស្សស្គាល់អក្សរ ចេះអាន ចេះសរសេរ។ ថ្វីត្បិត តាមការលាតត្រដាងរបស់ឪពុកម្ដាយសិស្ស និងគ្រូបង្រៀនផ្ទាល់ជាច្រើនរូប កម្មវិធីសៀវភៅពុម្ពថ្នាក់ទី ១ ឆ្នាំនេះធ្ងន់ធ្ងរបង្គួរ មេរៀនអំណានវែងខណៈដែលប្អូនៗទើបរៀនថ្នាក់ទី ១។ ដោយមានការរួមដំណើររបស់ឪពុកម្ដាយសិស្ស ខ្ញុំបង្រៀនប្អូនៗយល់ល្អបង្គួរ។ ថ្វីត្បិតដូច្នោះក្ដី លទ្ធភាពឆ្នាំដល់ កម្មវិធីភាសាវៀតអាចនឹងបានកាត់បន្ថយចំពោះមេរៀនដែលវែង ដើម្បីសមស្របជាមួយនឹងកម្លាំងរបស់សិស្សថ្នាក់ទី ១។ ឆ្លងចូលវគ្គសិក្សាទី ២ យើងខ្ញុំត្រូវការឪពុកម្ដាយសិស្សបន្តសហការក្នុងការឧបត្ថម្ភកូនៗរៀនមេរៀន រំលឹកមេរៀន បង្កជាគ្រឹះធាររឹងមាំដើម្បីសិស្សថ្នាក់ទី ១ មានចំណេះដឹង ជួយឲ្យប្អូនៗសិក្សាល្អជាងទៀតនៅបណ្ដាឆ្នាំខាងមុខ៕
ប្រែសម្រួល៖ ថាច់ហ្វាង