បណ្តាំពពេចនាថ្ងៃភ្ជុំ
ដោយ៖ ថាច់សុវណ្ណេន
ជំនោរភទ្របទបក់សស្រិច ភ្លៀងធ្លាក់ស្រិចៗពពេចយំ
ចេកចេកកញ្ជ្រៀវសូររងំ អបអរបុណ្យភ្ជុំពុំខកខាន។
បុណ្យសែនដូនតាដារចាស់ទុំ ទម្លាប់បុណ្យភ្ជុំពីបូរាណ
ពពេចយំហៅផៅសន្តាន រៀបចំខ្លួនប្រាណឋានរមណី។
ពពេចឆ្លើយឆ្លងប៉ងប្រាប់អ្នក រស់នៅត្រជាក់ត្រជំកាយ
កុំភ្លេចបុព្វការដូនតាថ្លៃ កាប់ឆ្ការសាងច្នៃក្លាយឋានសុខ។
សម្បត្តិវប្បធម៌ល្អត្រចង់ ក្បូរក្បាច់សំណង់លោកសាងទុក
ក្បួនច្បាប់កាព្យឃ្លោងចងទំនុក ទុកជាស្មារតីភ្លឺគ្រប់គ្រា។
ចេកចេកពពេចយំអួលអាក់ ឲ្យយើងបរិច្ចាគកុំរុញរា
មើលថែម្តាយឪពុកចាស់ព្រឹទ្ធា គុណលោកមហិមាគ្មានអ្វីប្រៀប។
ផ្គាប់ផ្គុនជូនលោកទាន់ខែភ្លឺ កុំចាំលោកឈឺជិតទន់ទាប
ទោះលើកចំណីលុយទាំងឃ្នាប បែលើកជូនញាតិសែសោយទេ។
បុណ្យភ្ជុំចូលមកតាមកំណត់ ទៅវត្តដាក់បាត្រលោកដារវេរ
ឧទ្ទិសកុសលលោកទាំងទ្វេ ដូនតាសាច់សែលាលោកីយ។
ចេកចេកពពេចយំខ្ញៀវខ្ញា ស្វាគមន៍ដូនតាគ្រប់ទិសទី
លោកអញ្ជើញមកផ្តល់ជោគជ័យ ជូនពរសួស្តីដល់ស្រីប្រុស។
ទំនៀមសែនថ្វាយថ្ងៃបុណ្យភ្ជុំ កូនចៅជួបជុំផ្តុំចិត្តស្មោះ
រៀបស្ពកម្ហូបម្ហារផ្ការីកស្រស់ ថ្វាត់ថ្វាយដោយស្មោះនឹកគុណលោក។
ទំនៀមបុណ្យភ្ជុំពុំសាយន័យ អប់រំយុវវ័យយល់ន័យនក
តបគុណដូនតាចារចាកលោក គុណអ្នកផ្តល់ភោគជោគវាសនា។
ចេកចេកពពេចទំមែកស្វាយ ផ្តាំយើងសប្បាយបុណ្យដូនតា
កុំភ្លេចប្រយុទ្ធរោគកូរាណា សប្បាយដូនតាទើបមានន័យ។
ដូនតាមកដល់ផ្តល់កម្លាំង ឲ្យយើងតតាំងរោគចង្រៃ
ប្រយុទ្ធកូវីដឲ្យផុតឆ្ងាយ នាំសុខសប្បាយជូនភូមិស្រុក៕
រូបគំនូរសត្វពពេច។