អង្ករស្រូវថ្មី
ដោយ៖ ឡឹម វ៉ាន់ ថឹង
អង្ករស្រូវថ្មីប្រពៃពិត សម្រាំងសម្រិតផ្តិតដោយដៃ
កសិករខិតខំទាំងយប់ថ្ងៃ ពលីចិត្តកាយនិងភ្លៀងខ្យល់ ។
អង្ករស្រូវថ្មីបានចេញមក ចិញ្ចឹមមនុស្សលោកទាំងរូបរាល់
រស់រានជីវិតឥតកង្វល់ អាហារភោគផលផ្តល់ជីពជន ។
អង្ករស្រូវថ្មីសម្បុរស្អាត ព៌ណសជាខ្នាតជាតិស្រួយលាន់
បាយទន់ឈ្ងុយឈ្ងប់មិនមានអន់ ហូបចូលបំប៉ន់សុខភាពល្អ ។
អង្ករស្រូវថ្មីមានន័យជ្រៅ ឃើញភ្លាមនឹកទៅដល់កសិករ
ញើសស្រក់ដិតដាមដោយស្មោះសរ ធ្វើចេញអង្ករជូនមនុស្សជាតិ ។
អង្ករស្រូវថ្មីបើគ្មានទេ ពិភពយើងគេវិនាសឃ្លាត
អ្នកមានអ្នកក្រប្រាជ្ញពាលទៀត ដល់គ្រោះគម្លាតបាត់បង់ផង ។
អង្ករស្រូវថ្មីខឿនសេដ្ឋកិច្ច មិនត្រូវបំភ្លេចគួរចាំចង
ប្តូរផ្លាស់បរទេសរាល់សព្វដង ផលឥតកន្លងរុងរឿងជាតិ ៕
កសិករពិនិត្យស្រូវ។ រូបថត៖ រតនា