ផ្កាស្នេហ៍រះថ្មី
ដោយ៖ រតនា
រាត្រីងងឹតមាត់ស្រះគូ រូបយើងទាំងគូនៅនឹងគ្នា
វាយោត្រជាក់ញាក់អង្គា រងាកំព្រាទាំងដូងចិត្ត។
រាត្រីមិត្តអើយ មិត្តក្រមុំ កាលមិត្តនឹងខ្ញុំនៅកៀកកិត
ភ័ក្ត្រមិត្តផូរផង់ល្អប្រណីត គន់គាប់ស្នេហ៍ស្និទ្ធឥតរសាយ។
រាត្រីមិត្តខ្ញុំជាប់ចំណង ឱសឱ! នួនល្អងបងឱបកាយ
ស្ងូនមិនបម្រះ ខ្ញុំសប្បាយ កាយយើងជាផ្កាយរះត្រចង់។
រាត្រីរំភើបគ្មានអ្វីស្មើ ក្លិនខ្លួនប្រហើរខ្ញុំស្រូបស្រង់
ឬទ្ធិក្លិនជំរុញចិត្តផូរផង់ ពោលពាក្យស្មោះត្រង់សូមភ្ជាប់ស្នេហ៍។
រាត្រីខ្ញុំពោលសួរចរណៃ ស្តាប់ខ្ញុំទេថ្លៃសូមបកប្រែ
ស្ងូនឆ្លើយបើស្លាប់មិនមកក្បែរ ឯភ័ត្រ្តដូចខែប្រែស្រស់បស់។
រាត្រីថ្លៃអើយយើងពីរប្រាណ សាងស្នេហ៍សុខសាន្តណាឆោមស្រស់
អូនងក់ក្បាលតបបងកំលោះ ឱ បងអូនស្មោះព្រមកៀកកើយ។
រាត្រីបងឱបអូនរឹតខ្លាំង ចិត្តមានកម្លាំងឥតកោះត្រើយ
ស្នេហ៍យើងដុះស្លាបហោះហើរហើយ ព្យុះព្យោមាអ្ហើយដូចធូលី។
រាត្រីអស់ក្លិនស្នេហ៍ថ្មោងថ្មី សាយសព្វលោកិយគ្រប់នាទី
សូមថ្លែងស្នេហ៍យើងណានារី ស្នេហ៍យើងទាំងពីរស្នេហ៍បវរ។
រាត្រីងងឹតចិត្តភ្លឺថ្លា រស្មីស្នេហាចាំងលម្អ
ស្រះដូនអន់អើយទ្រព្យកម្រ ស្នេហ៍យើងស្មោះសរជូយចាំផង៕
ទិដ្ឋភាពរមណីយដ្ឋានគូស្រះស្រី។ រូបថត៖ រតនា