តួនាទី ៥ យ៉ាងរបស់ភរិយា
ដោយ៖ ឡឹម ថឹង
អ្នកប្រាជ្ញឲ្យន័យពាក្យភរិយា ថាស្រីធានាប្តីចិញ្ចឹម
ជីវិតរស់នៅពេញសង្ឃឹម មាននាទីត្រឹមប្រាំប្រការ ។
ទីមួយរៀបចំផ្ទះសម្បែង ទុកដាក់ចាត់ចែងតាមពាក្យថា
ក្នុងក្រៅមុខក្រោយឲ្យរាបសា បណ្តាំមេបាបានផ្តែផ្តាំ ។
ទីពីរសង្គ្រោះញាតិសងខាង កិច្ចការគ្រប់យ៉ាងគួរចងចាំ
មិនគិតលើសខ្វះត្រូវចំណាំ គោរពបម្រាមចាស់បុរាណ ។
ទីបីតួនេះសំខាន់ដែរ កុំមានចិត្តប្រែក្បត់មិនបាន
ស្ម័គ្រស្មន់ប្រុសក្រៅឲ្យខូចប្រាណ ខូចភាពកល្យាណកិត្តិយសបាត់ ។
ទីបួនទ្រព្យនោះរកបានហើយ កុំនៅកន្តើយនាំវិបត្តិ
រក្សាគង់វង្សដោយប្រយ័ត្ន មិនឲ្យរសាត់វិនាសទៅ ។
ទីប្រាំកុំខ្ជិលត្រូវឧស្សាហ៍ ខ្វល់ខ្វាយកិច្ចការទីលំនៅ
លៃលកឆ្លៀតរកតាមផ្លូវត្រូវ ស្រីស្រស់ពាលពៅចូរចងចាំ ៕
សម្លៀកបំពាក់ប្រពៃណីរបស់នារីខ្មែរ។