តួនាទី ៥ យ៉ាងរបស់ស្វាមី
ដោយ៖ ឡឹម ថឹង
ទីមួយភរិយាពឹងលើប្តី ត្រូវចេះលកលៃក្តីសង្គ្រោះ
រស់នៅប្រព្រឹត្តធម៌សន្តោស កុំស្តីបន្ទោសព្រោះភរិយា ។
ទីពីរភរិយាទុកដូចម្តាយ ត្រូវឲ្យតម្លៃកុំទាមទារ
មិនត្រូវប្រមាថមើលងាយគ្នា ស្រឡាញ់ធានាស្វែងរកសុខ ។
ទីបីប្រគល់សិទ្ធិទាំងស្រុង រៀបចំក្រៅក្នុងផ្ទះក្រោយមុខ
ឲ្យមានយោបល់រួមសុខទុក្ខ គ្រប់ពេលកាលយុគសម្រេចផង ។
ទីបួនរូបប្តីត្រូវដឹងថា ឲ្យគ្រឿងអលង្ការជាចំណង
តុបតែងស្អិតស្អាងជាចម្បង ភរិយានេះម្តងពេលចេញក្រៅ ។
ទីប្រាំតួនេះសំខាន់ណាស់ មិនត្រូវវិបល្លាសប្រែចិត្តឆៅ
ក្បត់ចិត្តប្រពន្ធដោយល្ងង់ខ្លៅ ខុសពាក្យប្រដៅចាស់បុរាណ ។
ហៃអស់លោកប្រុសជាស្វាមី ចូរមានខន្តីកុំប្រកាន់
គោរពនាទីប្រាំឲ្យបាន ទើបប្រាជ្ញកល្យាណហៅប្រុសល្អ ៕