ដោយ៖ គីមស៊ើង
កុំទុកចិត្តមេឃរកកលនឹងភ្លៀង ទុកអ្នកច្រៀងពីរោះពិសាគ្រប់បទ
កុំទុកចិត្តប្រុសដែលរឿយៗច្រើនក្បត់ ទុកអ្នកខ្សត់គ្រប់គ្នាគ្មានមារយាទ។
កុំទុកចិត្តស្វាមីពិតល្អហ្មត់ហ្មង ទុកដន្លងឆ្កឺតៗរលាំងរលាត
កុំទុកចិត្តកម្មបុពេ្វវិជ្ឈវាត ទុកចិត្តញាតិសាច់សាទាំងផៅសន្តាន។
កុំទុកចិត្តមេឃថារាំងរូសមិនក្តៅ ទុកដំបៅថាពងបែកនឹងសះបាន
កុំទុកចិត្តស្គរបវរថ្កុំថ្កើងថ្កាន ព្រៃស្មសានស្ងាត់ជ្រងំគ្មានម្រឹគ។
កុំទុកចិត្តរនោចយប់យន់សម័យ ទុកចិត្តថ្ងៃព្រហាមស្អែកគ្មានពេលព្រឹក
កុំទុកចិត្តភ្លៀងផ្គរថាមិនទទឹក ទុកចិត្តសឹកគ្មានសៀងគ្រឿងផ្សំអំបិល។
កុំទុកចិត្តកូនស្រីរែងគ្មានសង្សារ ទុកចិត្តតាចាស់ដែលទៅវត្តរាល់សីល
កុំទុកចិត្តកំណប់ថាមិនរើកិល ទុកភ្នំដិលគ្មានពិស្តារការប្រវត្តិ។
កុំទុកចិត្តអេដស៍ថាអត់ហើយមិនឆ្លង ទុកចិត្តខ្នងមិនដែលអេះមានរលាត់
កុំទុកចិត្តដូនជីរឿយៗទៅវត្ត ទុកអ្នកឃាត់ទាំងអស់ថាមានខន្តី។
កុំទុកចិត្តក្បួនខ្នាតរង្វាស់រង្វាល់ ទុកអ្នកស្គាល់គិតគូរនាំមកសិរី
កុំទុកចិត្តទាំងអស់ណាស្រស់ពិសី ទុកចិត្តអ្វីក្រៅពីអាត្ម័នយើងឡើយ៕