ដោយ៖ គឹមស៊ើង
វស្សាភ្លៀងធ្លាក់ ជាក់ផ្សើមផ្សាំដី ស្រោចគុម្ពឫស្សី ទំពាំងផ្ដួចផ្ដុំ
លូតលៀនលឿនលយ មានតូចមានធំ ច្រូងច្រុះជិតជុំ ប្រមុំប្រមូល ។
ទំពាំងធំថ្លោស ដុះក្នុងបន្លា ពិតមានវាសនា បានសុខបានស្រួល
ជាស្នងឫស្សី បន្ដត្រកូល លូតលាស់ធំមូល តពូជគង់វង្ស ។
ទំពាំងស្វិតតូច ខូចមិនសូវល្អ ក៏អាចកើតក បន្ដផៅពង្ស
ព្រោះមនុស្សមិនជីក ទើបនៅបានគង់ ទើបឫស្សីវង្ស គុម្ពរឹតរីកសាយ ។
ទំពាំងធំថ្លោស ដុះជាយខាងគុម្ព ពិតមិនសុខុម ជុំរុំសប្បាយ
ចបជីកមនុស្សគាស់ កាច់កាប់កកាយ ទំពាំងអន្ដរាយ លែងកើតឫស្សី ។
ទំពាំងជាយគុម្ព ផ្ដុំសម្រាប់មនុស្ស ទាំងស្រីទាំងប្រុស ជីកជ្រៀតរាល់ថ្ងៃ
គេថាទំពាំង គឺស្នងឫស្សី កាលទេសជួនអី ប៉ះខជើងជ្រូក ៕