ដោយ៖ គីមស៊ើង
-ផឹកស្រាស្រវឹងខឹងវាយប្រពន្ធ ទោសស្រាលធ្ងន់រករឿងបង្កហេតុ
ដើរផឹកដើរស៊ីស្រាចូលពោះឆ្អែត មុខខ្មោចខ្មៅដូចប្រេតនៅតៀមស្រា ។
-មិនគិតរកស៊ីសែងលីពុនរែក ព្រឹកបើកភ្នែកជេរវាយស្តីទោសា
ផឹកជាប្រចាំឥតខានពេលណា ផឹកតពូជដូនតាគ្មានគេដូច ។
-ខានផឹកមួយថ្ងៃចេះតែស្រៀវស្រាញ ដូចកើតរោគគ្រុនចាញ់ខ្ជិលខិលខូច
ហោចណាស់ក៏បានដាក់មួយពែងតូច លើខ្លួនកើតរោគស្អូចសុសសាយសាច់ ។
-នរកទាំងរស់ស្បែកស្វិតស្គមស្គាំង ប្រពន្ធឃាត់ឃាឃាំងឱ្យប្តីផ្តាច់
ឱ្យឈប់ផឹកស្រាតាំងចិត្តសម្រេច ប្តីឆ្លើយថាមិនបាច់មករាំងរា ។
-ស្រឡាញ់ដបស្រាជាងប្រពន្ធកូន ស៊ូក្ស័យសូន្យចោលកូននៅកំព្រា
ព្រោះឆ្កួតនឹងស្រានាំខ្លួនវេទនា ញាតិមិត្តស្តីនិន្ទាស្អប់រអា ។
-ផឹកដល់កំណត់អស់លុយបញ្ចាំ មាន់បួនប្រាំយកលក់គ្មានមេត្តា
នេះហៅអ្នកផឹកល្បីឈ្មោះអស្ចារ្យ នៅតៀមស្រាជំពាក់គ្រប់តែចិន ។
-អស់មាន់ អស់ទាកើបស្រូវជង្រុក ដីស្រែកេរឪពុកលក់ផឹកសិន
ដល់លក់ផឹកអស់កើតរោគថ្លើមក្រិន ជីវិតត្រូវក្ស័យក្សិណចាកចោលឋាន ។
-នេះហៅអ្នកផឹកផ្តែផ្តាំកូនចៅ ផ្តាំបងប្អូនញាតិផៅគ្រប់សន្តាន
កុំយកតម្រាប់នាំឱ្យក្ស័យប្រាណ ត្រូវចៀសវាងឱ្យបានល្បែងស្រីស្រា ៕