និពន្ធដោយ៖ សឺនសៅរ៍
ជំងឺកូវីដ ដប់ប្រាំបួន រាតត្បាតរុកកួន ពេញលោកា
បង្កវិបត្តិ ទុក្ខខ្លោចផ្សា រាលដាលខ្លាំងក្លា គ្រប់ទិសទី។
គំរាមជីវិត ជនប្រុសស្រី ទាំងសេដ្ឋកិច្ចក្តី ត្រូវញាំញី
បន្ទច់បង្អាក់ ការរកស៊ី ចិញ្ចឹមជីវី ទាំងក្រៀមក្រំ។
កូវីដមេរោគ ខ្លាំងឧក្រិដ្ឋ មនុស្សត្រូវតាំងចិត្ត ប្រយុទ្ធមាំ
អនុវត្តម៉ឺងម៉ាត់ ច្បាប់ណែនាំ ក្រឹត្យក្រមសារាចរ រដ្ឋផ្សព្វផ្សាយ។
ពាក់ម៉ាស់ការពារ ជាចាំបាច់ ឧស្សាហ៍កុំភ្លេច នឹកលាងដៃ
រក្សាគម្លាត រូបរាងកាយ ឆ្ងាយៗពីគ្នា យារចន្លោះ។
បន្ថយជួបជុំ ជំនុំច្រើន បង្កើនស្មារតី ប្រយ័ត្នខ្ពស់
ចូលរួមប្រឆាំង ទាំងស្រីប្រុស កម្ចាត់ឲ្យអស់ រោគអប្រិយ។
ទោះជួបឧបសគ្គ ប្រយុទ្ធតប តស៊ូឲ្យខ្ជាប់ កុំភិតភ័យ
សាមគ្គីធ្លុងមួយ ចាស់ក្មេងក្តី ស្មារតីទប់ទល់ មិនព្រងើយ។
កម្ចាត់កម្ចាយ ឲ្យក្ស័យរោគ បំបាត់ទុក្ខសោក យកសុខស្បើយ
ប្រជាសុខសាន្ត បានល្ហែល្ហើយ លោកីយ៍យល់ត្រើយ ស្បើយផុតរោគ៕
វេជ្ជបណ្ឌិតធ្វើតេស្ដវិរុស SARS-CoV-2 ជូនប្រជាជន។ រូបថត៖ ថាច់ហ្វាង