ដោយ៖ ថាច់សុវណ្ណេន
បងទៅក្បាលទូកស្តាប់សត្វសោកយំ ស្រណោះថ្វីម៉ុមប្រគំឫស្សី
អូនត្បាញច្រងោមក្រោមច័ន្ទរាត្រី កញ្ជើឫស្សីថ្វីពីដូនតា។
ច្រងោមនួនល្អងបងផ្លុងត្រីស្រែ កំពឹសលង់ស្នេហ៍ហែរតាមរៀមរ៉ា
បងដាក់ច្រងោមប្រលោមមច្ឆា ដូចលោមស្នេហាផ្កាទើបលាស់ថ្មី។
ឥឡូវក្បាលទូក ទូកសាតកំពង់ ច្រងោមធ្លាប់ផ្លុងលង់ដងជលសាយ
ទូកបាត់ច្រវាផ្កាសាតទៅឆ្ងាយ ច្រងោមសាតសាយស្តាយកេរបូរាណ។
ក្បាលទូកប្រែថ្មី ដីប្រែសម្រស់ ឲ្យបងស្រណោះសម្រស់កល្យាណ
អូនត្បាញច្រងោមនៅក្រោមម្លប់ច័ន្ទ ថែកេរបូរាណ ច័ន្ទរះឆ្ងាយហើយ៕
របរតម្បាញវត្ថុធាតុធ្វើអំពីឫស្សី។ រូបថត៖ រតនា