និពន្ធ៖ សឺនសៅរ៍
ក្រអូបផ្កាស្រូវរដូវវស្សា វាលស្រែចំការសួនច្បារដំណាំ
លូតលាស់ស្រស់ឆើតកើតផលប្រចាំ សេដ្ឋកិច្ចកសិកម្មដំណាំស្រុកខ្ញុំ។
កសិករសប្បាយកែច្នៃផលិត ស្រុះស្រួលគំនិតខិតខំមូលផ្តុំ
ថែទាំដំណាំលូតលាស់ត្រសុំ ផ្លែផ្កាតូចធំផលល្អពេកកូវ។
សេដ្ឋកិច្ចចម្រើនកើនភោគផលា ដំណាំផ្លែផ្កាចំការស្រែស្រូវ
ទិន្នផលកើនខ្ពស់រៀងរាល់រដូវ ស្រុកខ្ញុំឥឡូវរស់នៅស្រស់ស្រាយ។
ដំណាំស្រុកខ្ញុំផ្តុំផ្តល់ផលល្អ ប្រជាកសិករត្រេកអរសប្បាយ
ស្រឡាញ់ពេញចិត្តខិតខំកែច្នៃ ពលកម្មយប់ថ្ងៃកសាងភូមិស្រុក៕
ទិដ្ឋភាពឈើព្រៃការពារនៅជនបទ។ រូបថត៖ រតនា
ងប់នឹងល្បែងតែងវិនាស
ងប់ងុលនឹងល្បែង ចាស់ថារមែងវិនាស
កូនអើយរវៀស ប្រញាប់គេចចៀសឲ្យឆ្ងាយ។
អបាយមុខ នាំមកក្តីទុក្ខអន្តរាយ
វិនាសខ្ចាត់ខ្ចាយ ហិនហោចហិនហៃក្រៃលែង។
កុំយកខ្លួនបៀត កុំចងជាញាតិនឹងល្បែង
នាំតែវង្វេង ចោលម្សៀតចំបែងណា៎ស្ងួន។
កូនអើយចាំទុក អបាយមុខទុក្ខផ្ទួន
កូនកុំភ្លេចខ្លួន នឹងល្បែងខុសក្បួនតម្រា។
ល្បែងនាំហិនហោច រស់នៅអសោចិ៍អាត្មា
អស់ន័យខ្លឹមសារ ព្រោះល្បែងប្រហារអនាគត៕
ផ្ឡូវគមនាគមន៍ជនបទ។ រូបថត៖ រតនា