ដោយ៖ ថាច់សុវណ្ណេន
ស្រី៖ បងអើយកូវីដបំប្លែងថ្មី បញ្ចេញឬទ្ធិព្រៃផ្សៃណាស់
ភូមិស្រុកអារាមត្រូវបិទស្ទះ បង្ការយកឈ្នះរោគព្រៃផ្សៃ។
គម្លាតសង្គមជុំក្នុងផ្ទះ ត្រូវធ្វើអ្វីខ្លះណាម្ចាស់ថ្លៃ
ដើម្បីប្រយុទ្ធរោគចង្រៃ កុំឲ្យសាយភាយពេញភូមិស្រុក។
ប្រុស៖ គម្លាតសង្គមព្រោះគ្រោះភ័យ សូមស្រស់ចរណៃសម្ភីទុក
ប្រព្រឹត្តប្រាំខជាប្រមុខ អាសន្នជាន់ទុក្ខម៉្លេះរសាយ។
ស្រី៖ តើប្រាំខនោះមានអ្វីខ្លះ អាចយកជម្នះរោគព្រៃផ្សៃ
តើបទវេជ្ជសាស្រ្តនោះមានអ្វី ប្រុសជួយលកលៃប្រាប់ស្រីហោង។
ប្រុស៖ កូវីដ-១៩ស្ងួនចាំច្បាស់ រោគឆ្លងរហ័សដល់មនុស្សផង
ខមួយពាក់ម៉ាស់ពេលផ្តោះផ្តង បង្ការរោគឆ្លងពេលសន្ទនា។
ខពីរលាងដៃជាប្រចាំ ក្រោយពេលចាប់កាន់អ្វីនានា
លើកដៃសំពះឈ្នះរោគា កុំចាប់ដៃគ្នានាំកើតភ័យ។
រីខទីបីថែគម្លាត ឈរឆ្ងាយឲ្យឃ្លាតពីគ្នាគ្នី
កូវីដយង់ឃ្នងឆ្លងគ្រប់ទី សូមចិត្តនួនស្រីកុំជិតបង។
ស្រី៖ ស្នេហ៍ចិត្តនឹងចិត្តមិនជិតទេ ក្រែងរោគផ្តាច់ស្នេហ៍ព្រាត់ស្នេហ៍ស្នង
ចុះខទីបួនស្ងួនប្រាប់ផង សេចក្តីចារចងដូចម្តេចម្តា?
ប្រុស៖ រីខទីបួនស្ងួនចាំច្បាស់ កុំចេញពីផ្ទះមូលផ្តុំគ្នា
ក្រែងមានជនខ្លះផ្ទុករោគា កូវីដឆ្លងគ្នាអាសារធំ។
រីខទីប្រាំស្ងួនចាំទុក សុខភាពទុក្ខសុខនៅខ្លួនម៉ុម
របាយប្រាយប្រាប់ពេទ្យតូចធំ លាក់ទុកសម្ងំពុំប្រពៃ។
ស្រី៖ វេជ្ជសាស្រ្តប្រាំខអូនច្បាស់ហើយ អូនមិនតោះតើយទេពិសី
ភូមិស្រុកស្រុះស្រួលផ្តួលកូវីដ ផ្តួលរោគព្រៃផ្សៃឲ្យឆ្ងាយបង់៕
គ្រូពេទ្យត្រៀមបម្រុងចាក់ថ្នាំបង្ការជំងឺកូវីដឲ្យប្រជាជន។