ជីវិតសត្វលោកកើតមកហើយ មិនបានដឹងឡើយអ្វីបាបកម្ម
មិត្តភ័ក្តិហ៊ឺហាជាប្រចាំ មិនស្តាប់បណ្តាំអ្នកចាស់ឡើយ ។
យប់ថ្ងៃឥតខ្វល់ដល់អ្វីទេ ឲ្យតែទំនេរបំរុងហើយ
រៀបចំបាយស្រាមិនកន្តើយ ហូបចុករួចហើយលែងគិតអ្វី ។
ពាក្យចាស់បុរាណបានផ្តាំថា នរជនឯណាសេពមេរ័យ
សុរានោះទៀតមិនប្រពៃ ប្រាំមួយនោះនៃទោសបច្ចុប្បន្ន ។
ទីមួយទ្រព្យធនក្នុងគ្រួសារ វិនាសខ្លោចផ្សាយ៉ាងល្អិតល្អន់
ព្រោះដឹងតែចាយនិងពួកបន គំនិតប្រែអន់នាំខាតបង់ ។
ទីពីរជាហេតុនាំបង្ក ជម្លោះមិនល្អឥតបង្អង់
បងប្អូនជិតខាងមិនត្រូវត្រង់ តម្រែតម្រង់មិនត្រូវគ្នា ។
ទីបីទោសនេះគួរភ័យខ្លាច់ ទោសជាចាំបាច់មិនឃ្លាតឃ្លា
ខ្លួនប្រាណថ្លើមសួតពិតរោគា ប្រចាំពាធាមិនខានឡើយ ។
ទីបួនកត្តិយសឈ្មោះអ្នកពូជ ឥឡូវខាត់ខូចអស់ទៅហើយ
អាប់ឪនសាបសូន្យគ្មានកោះត្រើយ កើតទុក្ខមិនស្បើយព្រោះសុរា ។
ទីប្រាំបាត់បង់ខូចស្មារតី កេរ្តិ៍ខ្មាសអ្វីៗតាមយថា
ភ្លេចភ្លាំងមុខក្រោយអាក់ចោលការ ដឹងខ្លួនកាលណាអៀនអង្គប្រាណ ។
ទីប្រាំមួយនេះ អន់ទន់ខ្សោយ ព្រោះការថ្លោះធ្លោយបញ្ញាចុះ
ភ្លេចច្រើនចាំតិចព្រោះកំហុស ចែងចាំងមើលឆ្លុះភ័ន្តច្រឡំ ។
ប្រការខាងលើហៅទោសស្រា មេរ័យយកការអស់ស័ក្តិសម
ជីវិតរស់នៅខ្វះឧត្តម ស្នាមចិត្តក្រៀមក្រំគួរជៀសវាង ៕