ធ្វើដំណើរពីទីក្រុងត្រាវិញតាមផ្លូវជាតិលេខ ៥៣ ឆ្ពោះទៅស្រុកកូវង៉ាង ដល់ម្តុំភូមិហ្វាហាវ ឃុំភឿកហាវ ស្រុកចូវថាញ់ យើងនឹងប្រទះឃើញមូលដ្ឋានវេចនំអន្សមជ្រូកមួយកន្លែងភ្ជាប់ផ្លាកយីហោជិនយី។ នោះគឺមូលដ្ឋានវេចលក់នំអន្សមជ្រូករបស់គ្រួសារបងស្រីថាច់ធីយី ទើបបានទទួលស្គាល់សម្រេច OCOP ផ្កាយ ៣។
ដោយមាននិស្ស័យជាមួយមុខរបរវេចនំអន្សមជ្រូកលក់ ម៉្លោះហើយគ្រួសារបងស្រីថាច់ធីយីប្តេជ្ញាចិត្តស្នងបន្តពីម្តាយគឺលោកយាយថាច់ធីឡើត។ បងស្រីថាច់ធីយីបានឱ្យដឹងថា៖ កាលពីមុនគ្រួសារបងស្រីនៅភូមិធ្លកទទឹង ឃុំហ៊ីបហ្វា ស្រុកកូវង៉ាងក៏ប្រកបរបរវេចនំអន្សមជ្រូកដែរ ប៉ុន្តែលក់បន្តិចបន្តួច។ ព្រោះតែជក់ចិត្តជាមួយមុខរបរនេះ នៅអំឡុងឆ្នាំ ២០១២ បងស្រីទិញបានដីមួយចំណែកប្របផ្លូវជាតិលេខ ៥៣ ដើម្បីងាយស្រួលដល់ការជួញដូរ។ ផ្តើមពីនោះ មុខទំនិញរបស់បងស្រីកាន់តែមានមុខនៅកន្លែងជាច្រើន កាន់តែបានមនុស្សជាច្រើនដឹងឮ។
នំអន្សមជ្រូករបស់គ្រួសារបងស្រីថាច់ធីយីបានវេចតាមរបៀបលាយឡំរវាងវប្បធម៌ខ្មែរ-វៀត ក្នុងនោះមានរបៀបច្នៃយ៉ាងហ្មត់ចត់ដើម្បីផលិតផលក្លាយជាប្រភេទភោជនាហារប្រកបដោយរូបភាពវប្បធម៌ភាគតំបន់។ គ្រួសារបងស្រីវេចនំអន្សមដោយអង្ករមានសម្បុរច្រើនយ៉ាង ថ្ងៃធម្មតាគ្រួសារបងស្រីវេចពី ២០០-៣០០ នំ នំនីមួយៗមានទម្ងន់ពី ៧០០ ក្រាមដល់ ១,២ គីឡូក្រាម នំនីមួយៗលក់ដោយតម្លៃពី ៦០.០០០-៨០.០០០ ដុងយោងទៅតាមប្រភេទនិងទម្ងន់នំនីមួយៗ។ ចំពោះបណ្តាថ្ងៃបុណ្យទាន ជាពិសេសគឺបណ្តាថ្ងៃបុណ្យតេតរបស់ជនជាតិវៀតណាម ផលិតផលនំរបស់គ្រួសារបងលក់បានរាប់ពាន់នំ។
បងស្រីថាច់ធីយី ត្រៀមបម្រុងនំដាក់ចូលស្ងោរ។
ទន្ទឹមនឹងនោះដោះស្រាយឱ្យពលករ-ពលការិនីមានការងារធ្វើជាប្រចាំជិត១០នាក់ដោយទទួលបានប្រភពចំណូលប្រមាណ ១៥០.០០០ ដុងក្នុងមួយពេល។
នំអន្សមជ្រូករបស់គ្រួសារបងស្រីថាច់ធីយីបានមនុស្សជាច្រើនវាយតម្លៃខ្ពស់អំពីគុណភាព និងរសជាតិ។ អំពីគុណភាពធ្វើជាគ្រឿងភោជនាហារសម្រាប់ហូបបានយូរអង្វែង។ អំពីរសជាតិបានច្នៃពីបណ្តាវត្ថុធាតុបំប៉នសម្រាប់សុខភាព។ ស្នូលខាងក្នុងគឺសណ្តែកខៀវ សាច់ ខ្លាញ់ជ្រូក ពងទា។
បច្ចុប្បន្ន ទោះបីមានឧបករណ៍ជាច្រើនអាចស្ងោរដោយអគ្គិសនីក៏ដោយ ប៉ុន្តែចំពោះគ្រួសារបងស្រី នៅតែរក្សាតាមរបៀបស្ងោរប្រពៃណី គឺដុតស្ងោរដោយឧសជាមួយប្រព័ន្ធចង្រ្កានតភ្ជាប់គ្នា។ តាមសំដីរបស់បងស្រីថាច់ធីយី បានជាគ្រួសារនៅតែរក្សាការស្ងោរតាមរបៀបប្រពៃណីដូច្នេះ ពីព្រោះបងស្រីគិតឃើញថានៅតំបន់ជនបទសម្បូរទៅដោយឧសអាចប្រើប្រាស់ដើម្បីប្រិតសំចៃប្រាក់ចំណាយ បង្កើនប្រាក់ចំណូល។
អំពីកន្លែងវេចនំបានអនុវត្តតាមសម្បទាសុវត្ថិភាពអនាម័យគ្រឿងបរិភោគ មានឧបករណ៍រាំងស្កាត់បណ្តាសត្វល្អិតកុំឱ្យមករោមធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ បណ្តាអ្នកវេចនំពេលឈានចូលដល់តំបន់ផ្ទះវេចនំបានអនុវត្តបណ្តាជំហានអនាម័យ មានស្រោមដៃ របាំងមុខ និងបណ្តាឧបករណ៍អនាម័យដទៃទៀត។ នំក្រោយពេលស្ងោរឆ្អិនរួចបញ្ជូនទៅដាក់នៅផ្ទះដោយឡែកដើម្បីរឹតខ្ចប់ដោយប្លាស្ទិច និងបិទសញ្ញាដើម្បីងាយស្រួលឲ្យការដឹកជញ្ជូន និងរក្សាបានយូរ។ ផ្តើមពីពាក្យពោលសរសើរពីមាត់មួយទៅមាត់មួយ ធ្វើឱ្យការលក់ផលិតផលនំអន្សមជ្រូករបស់មូលដ្ឋានបងស្រីកាន់តែច្រើនជាង។ បងស្រីព្រាងទុកនៅពេលខាងមុខ នឹងបើកទូលាយការធ្វើអាជីវកម្មផលិតផលនំអន្សមជ្រូករបស់គ្រួសារដោយរបៀបបើកបណ្តាគ្រឹះស្ថានលក់រាយនៅតាមបណ្តាខេត្ត ទីក្រុងមួយចំនួនក្នុងតំបន់ កសាងប្រដាប់វេចខ្ចប់ដោយមានអាសយដ្ឋាន និងពាណិជ្ជសញ្ញាច្បាស់លាស់ដើម្បីបង្កកម្រិតទំនុកចិត្តដល់អ្នកប្រើប្រាស់។
កាលពីថ្ងៃទី ៣០ មីនាឆ្នាំ ២០២១ គណៈកម្មាធិការប្រជាជនខេត្តបានចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ៦១២/QĐ-UBND ស្តីពីការទទួលស្គាល់លទ្ធផលវាយតម្លៃ បែងកម្រិតផលិតផល OCOP ខេត្តត្រាវិញឆ្នាំ ២០២០។ តាមសេចក្តីសម្រេចចិត្តនោះ មានផលិតផល ២៦ ប្រភេទរបស់គ្រួសារអាជីវកម្ម ៩ កន្លែង ក្រុមហ៊ុន ៦ កន្លែង និងសហករណ៍ ០១ កន្លែង) រួមមានផលិតផល ១០ យ៉ាងសម្រេចផ្កាយ ៤ ផលិតផល ១៦ យ៉ាងសម្រេចផ្កាយ៣។ ក្នុងនោះមាននំអន្សមជ្រូករបស់គ្រួសារអាជីវករថាច់ធីយីសម្រេចផ្កាយ ៣។
លោកស្រីឡេមិញធឺ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំភឿកហាវបានឱ្យដឹង៖ បានទទួលស្គាល់ជាផលិតផល OCOP គឺជាកិត្តិយសរបស់មូលដ្ឋាន។ អាស្រ័យហេតុនោះ មូលដ្ឋានក៏តាមដានយ៉ាងដិតដល់រាល់សកម្មភាពរបស់មូលដ្ឋានជិនយី ដើម្បីរិះរករបៀបជួយជ្រោមជ្រែង ជួយឱ្យផលិតផលបានបើកទូលាយទីផ្សារលក់ដូរ ក្លាយជាភោជនាហារបណីតផលតំណាងឲ្យមូលដ្ឋាន៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ