ឫស្សីជា តចសារជាតិមួយប្រភេទដើមមានរាងមូល ត្រង់ខ្ពស់ទៅលើ។ ឫស្សីជារុក្ខជាតិម្យ៉ាងមានខ្លឹមនៅត្រង់សំបកដូច ដូង ត្នោត។ ឫស្សីមានច្រើនប្រភេទដូច៖ ឫស្សីស្រុក ឫស្សីព្រៃ ឫស្សីរលៀក ឫស្សីត្រាច់ ឫស្សីឃ្លៃ ឫស្សីថ្ង ឫស្សីព្រេច ឫស្សីពក ឫស្សីទ្រនំមាន់...។
ឫស្សីបានផ្សារភ្ជាប់នឹងជីវភាពរស់នៅរបស់អ្នកស្រុកយើងតាំងពីបុរាណកាលរាប់រយរាប់ពាន់ឆ្នាំមកម្ល៉េះ។ ប្រជាជនយើងនៅខេត្តត្រាវិញបានយកឫស្សីតាងនាមឈ្មោះហៅចំពោះស្រុកភូមិមួយចំនួនដូចភូមិឫស្សីស្រុក(កូវកែ) ភូមិឫស្សីម្គុម្ព (ថ្កូវ)ជា ដើម។ រូបភាពនៃគុម្ពឫស្សីបានដិតជាប់អារម្មណ៍នៃយើងរាល់គ្នាតាំងពីកុមារវ័យ។ នៅតាមជនបទតំបន់ដីផ្នោរខ្សាច់ គ្រួសារណាក៏មានដាំឫស្សីទាំងអស់។ ងាកមើលខាងណេះក៏ឫស្សី ខាងណោះក៏ឫស្សី។ ឫស្សីលេចធ្លោស្អេកស្កះពាសពេញតាមដងផ្លូវនិងតាមលំនៅឋាន។
គយគន់ពីចម្ងាយឃើញគុម្ពឫស្សីល្អស្រស់បំព្រងដោយពណ៌បៃតងហាក់ដូចរបងដ៏រឹងមាំសម្រាប់ការពារស្រុកភូមិ។ នៅរដូវចុងឆ្នាំម្ដងៗឫស្សីជម្រុះស្លឹក ចាស់ចោលទៅរួចលាស់ផ្លាស់ស្លឹកថ្មីឡើងវិញ។ ពេលចូលទៅជិតឃើញដើមឫស្សីធំតូចដុះត្រង់ខ្ពស់ចម្រុះគ្នា។ ដើមខ្លះមានពណ៌ខៀវចាស់ ដើមខ្លះមានពណ៌ខៀវលឿង។ ពេលវាយោបក់បោកមកប៉ះម្តងៗ ដើមឫស្សីរេរាំតាមខ្យល់ត្រដុសគ្នាបញ្ចេញសម្លេងឮសូរង៉ែតង៉ត! ង៉ែតង៉ត! ហាក់ដូចតន្រ្តីករកំពុងផ្លុំស្រឡៃ។ ខាងក្រោមគុម្ពឫស្សីគឺសំណល់គល់ចាស់ៗលាយចម្រុះគ្នា នោះហើយគឺបណ្ដាដើមដែលគេកាប់ប្រើរួចទៅហើយបន្សល់ទុកនៅគល់ច្រូងច្រាង។ ក្បែរគុម្ពឫស្សី គឺបណ្ដាសត្វគោក្របីដែលអ្នកស្រុកនិយមចងដេកនៅស្ងៀមមាត់ទំពាអៀង។ យូរៗទើបឃើញពួកវាគ្រវីកន្ទុយម្ដងៗដើម្បីបណ្ដេញនូវបណ្ដាសត្វល្អិតមានរុយ របោមជាដើម។ បណ្ដាទិដ្ឋភាពអស់ទាំងហ្នឹងបានបញ្ជាក់នូវភាពដ៏សុខសាន្តត្រាណនៃស្រុកភូមិ។ដើមឫស្សីមានថ្នាំង ភ្នែក មែក ស្លឹកពីគល់រហូតដល់ចុង។ ចន្លោះនៃថ្នាំងនីមួយៗប្រហែល៤ដល់៦ដេស៊ីម៉ែត្រ។ ភ្នែកតាមថ្នាំងនីមួយៗដុះមែកខ្វែងចន្លោះគ្នា។ មែកនៅខាងក្រោមច្រើនតែមានបន្លាស្រួចៗដុះស្អេកស្កះ។ មែកដុះកាន់តែខ្ពស់ទៅខាងលើកាលណាបន្លាកាន់តែតិចទៅៗ ។ ទងស្លឹកឫស្សីនីមួយៗមានស្លឹកចំនួន៥ឬ៦ស្លឹកដុះបែកឆែកចេញមានទំហំប្រហែលប៉ុនម្រាមដៃ។ ស្លឹកស្អិតស្ដើងៗ វែងប្រហែល២ដេស៊ីម៉ែត្ររួចស្ដួចទៅខាងចុង។ ដើមនីមួយៗមានកម្ពស់ប្រហែល ៨ ដល់ ១០ម៉ែត្រ។ ឫស្សីបែកកូនដុះជាជួរជាគុម្ពអាស្រ័យដោយទំពាំង។ នៅរដូវដើមឆ្នាំ ភ្លៀងធ្លាក់ជោកជាំបណ្ដាលអោយពន្លកទំពាំងដុះទូលដីពាសពេញខាងក្រោមគល់។ ទំពាំងលូតលាស់ខ្ពស់ដល់កំណត់កាលណាក៏បានជម្រុះចោលនូវសំបកស្រទបរួចចេញមែកបែកដៃ។ តាំងពីទំ ពាំងជម្រុះសំបកចោលរហូតដល់ក្លាយទៅជាដើមឫស្សីដែលអាចយកប្រើការបានមានរយៈពេលប្រមាណ៣ឬ ៤ ឆ្នាំ។ អ្នកដាំឫស្សីតែងមានបទពិសោធន៍ក្នុងការកាប់ឫស្សីយកប្រើប្រាស់។ គឺគេសំគាល់ទៅលើដើមឫស្សីមេមួយណាដែលមានកូនពីរឬបីដុះជាបន្តបន្ទាប់ទើបដើមឫស្សីមេនោះមានអាយុកាលចាស់អាចប្រើការបាន។បើគេចង់ប្រើប្រាស់ឫស្សីបានយូរអង្វែងគេច្រើនយកឫស្សីដែលទើបកាប់រួចយកទៅត្រាំទឹកមួយរយៈពេលដើម្បីការពារកុំអោយខ្មូតស៊ី។ តែបើចង់កាប់ឫស្សីបិតខ្នួចប្រក់ផ្ទះវិញ គេតែងតែជ្រើសយកនូវដើមឫស្សីណាដែលនៅខ្ចីៗទើបទន់ល្មៃងាយចងកួច។ ឫស្សីព្រៃមានបន្លា ដើមតូចជាងឫស្សីស្រុក ប្រហោងតូច សាច់ក្រាស់រឹងជាងឫស្សីស្រុក។ ឫស្សីត្រាច់ជាឫស្សីភ្នំ ឥតបន្លា មានដើមតូចៗ សាច់ស្ដើង។
ឫស្សីឃ្លៃឥតបន្លាដើមធំៗដូចឫស្សីស្រុក។ ឫស្សីថ្ងជាឫស្សីព្រៃមួយប្រភេទមានថ្នាំងលាសសាច់ស្ដើង។ ឫស្សីព្រេចជាឫស្សីពួកមួយដើមតូចៗស្លឹកល្អិតៗច្រើនដុះតាមដងព្រៃ។ ឫស្សីពកជាឫស្សីពួកមួយ មានប្រហោងសាច់ស្ដើងរឹងស្រួយ សម្បុរខាងក្រៅរលោង សម្រាប់ប្រើការផ្សេងៗមានធ្វើត្រល់ ប៉ី ខ្លុយជាដើម។ឫស្សីមានតួនាទីជារបាំងការពារស្រុកភូមិ ជួយរ៉ាបាំងខ្យល់ព្យុះសង្ឃរា។ អ្នកស្រុកយើង យកមែកនិងចុងឫស្សីដែលកាប់ប្រើការហើយ ស្រាស់ជារបងការពារភូមិឋាន។ ប្រជាជនយើងយកឫស្សីធ្វើជាគ្រឿងសំណង់នៃផ្ទះសម្បែង សាលារៀន...។ សិប្បករខ្លះយកដើមឫស្សីបោះគ្រែ តុ កៅអី។ សិប្បករខ្លះ ច្រៀកបិតជាបន្ទោះសម្រាប់ក្រងឬត្បាញឧបករណ៍ប្រើប្រាស់ផ្សេងៗដូច៖ ល្អី ដងរែក ជាល កន្ត្រក់ ឈ្នាង ច្រងោម សន្ទូច ចង្អេរ កញ្រ្ចែងតូច កញ្រ្ចែងធំ...។ ជាពិសេស នៅសម័យសង្រ្គាមប្រជាជនយើងយកឫស្សីធ្វើជាគ្រឿងសាស្រ្តាវុធដូច៖ លំពែង ចម្រូង ស្នា ស្លាបព្រួញ សម្រាប់តតាំងនឹងខ្មាំង។ សូម្បីតែស្លឹកឫស្សីស្រស់ក៏ជាអាហារម្យ៉ាងដែលសត្វដំរីចូលចិត្តបំផុត។ ពីដើម អ្នកស្រុកច្រើនយកស្លឹកស្ងួតមែកស្ងួតដុតចម្អិនម្ហូបដាំបាយ ដាំទឹក។
រីឯទំពាំងឫស្សីវិញ បានប្រជាជនយើងយកចម្អិនជាអាហារមួយមុខដ៏ឈ្ងុយឆ្ងាញ់ពិសា។ អ្នកខ្លះយកទំពាំងទៅធ្វើជ្រក់ អ្នកខ្លះយកទំពាំងទៅហាល ឆា ស្លប្រហុក ស្លខ្លាញ់។ ជាពិសេស កសិករខ្លះជ្រើសដាំតែប្រភេទឫស្សីម្យ៉ាងសម្រាប់ចាក់ទំពាំងលក់។ សព្វថ្ងៃ នៅតាមទីផ្សារណាក៏ដោយក៏តែងតែឃើញមានគេដាក់លក់ទំពាំងឫស្សី៕